មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ចុះត្រួតពិនិត្យតំបន់បិទខ្ទប់ នៅក្នុងភូមិសាស្ត្រខេត្ត ក្រោយការដាក់ចេញវិធានការដ្ឋបាល

0

ខេត្តស្ទឹងត្រែង៖ មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី សហការណ៍ជាមួយ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្ទឹងត្រែង លោកវេជ្ជបណ្ឌិត អ៊ុង សូវៀត រួមជាមួយ អភិបាលក្រុងស្ទឹងត្រែង លោក សាយ កុសល បានចុះត្រួតពិនិត្យតំបន់បិទខ្ទប់ជាច្រើនទីតាំង ដែលស្ថិតនៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៨សីហាឆ្នាំ២០២១។

លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី បានឲ្យដឹងថា ដំណើរចុះពិនិត្យតំបន់បិទខ្ទប់ គឺដើម្បីពិនិត្យពីស្ថានភាពប្រចាំការត្រួតពិនិត្យរបស់ កម្លាំងសមត្ថកិច្ចចម្រុះ និងមន្ត្រីជំនាញ នៅតាមគោលដៅបទខ្ទប់នីមួយៗ និងការធ្វើដំណើរល្មើសនឹងវិធានការរដ្ឋបាល ដែលបានដាក់ចេញដោយរដ្ឋបាលខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ លើសេចក្តីសម្រេចលេខ ០៩៥/២១ សសរ ស្តីពីការបិទខ្ទប់ជាបណ្តោះអាសន្ន ភូមិសាស្រ្ត «ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង» ដើម្បីទប់ស្កាត់ការឆ្លងរាលដាល ក្នុងសហគមន៍ នៃមេរោគកូវីដ-១៩ ប្រភេទថ្មី ដែលតា (Delta)។ នៅក្នុងការចុះត្រួតពិនិត្យនោះទៀត ត្រូវគេរាយការណ៍ថា អាជ្ញាធរមានសមត្ថកិច្ច មិនមានទទួលបានរបាយការណ៍ណាមួយ ដែលបានបង្ហាញពីការរកឃើញ អ្នកល្មើសនឹងវិធានការរដ្ឋបាលខេត្តស្ទឹងត្រែង ដែលបានដាក់ចេញ សម្រាប់ការអនុវត្តន៍ ចាប់ពីថ្ងៃទី១៧សីហា មកនោះទេ៕