អភិបាលខេត្តកំពតចុះសួរសុខទុក្ខ និងនាំយកអំណោយជូនប្រជាពលរដ្ឋងាយរងគ្រោះ និងរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ចំនួន១៥៣គ្រួសារ ក្នុងស្រុកកំពង់ត្រាច

0

ខេត្តកំពត៖ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ចំនួន ១៥៣គ្រួសារ ដែលមកពីឃុំចំនួន១៣ ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត ដោយមានការអញ្ជើញចូលពីសំណាកឯកឧត្ដមលោកជំទាវសមាជិកគណៈកម្មាធិការ កងកម្លាំងទាំងបី ប្រធានមន្ទីរ-អង្គភាពក្នុងខេត្ត សមាជិកអនុសាខាស្រុកផងដែរ។

មានប្រសាសន៍ក្នុងពិធីនោះ ឯកឧត្តម ជាវ តាយ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែគិតគូរខ្ពស់ពីសុខទុក្ខ និងមានការដោះស្រាយបញ្ហាប្រឈមនានា ជូនបងប្អូនប្រជាពលរដ្ឋ មិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយ ដោយមិនដែលទុកចោលឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់ស្បៀងអាហារ និងមិនមានការដោះស្រាយអ្វីឡើយ។

ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ទៀតថា បើទោះបីអំណោយដែលបានចែកជូនប្រជាពលរដ្ឋនាពេលនេះ មានចំនួនតិចតួចក្ដី ប៉ុន្តែក៏អាចជួយសម្រាលការលំបាកខ្វះខាតរបស់បងប្អូនបានមួយគ្រាផងដែរ។ ឯកឧត្តមក៏បានក្រើនរំលឹកអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបន្តបង្កើនការប្រុងប្រយ័ត្ន យកចិត្តទុកដាក់ឲ្យបានខ្ពស់បន្ថែមទៀត ដោយចូលរួមអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានគ្រប់ៗគ្នា និងប្រកាន់យកនូវការអនុវត្តវិធានការ ៣ការពារ និង៣កុំ ដើម្បីចូលរួមក្នុងការទប់ស្កាត់ និងការពារជំងីកូវីដ-១៩។

សូមជម្រាបថា អំណោយដែរទទួលបានក្នុងមួយគ្រួសារ ទទួលបាន៖ អង្ករ ២៥គីឡូក្រាម, ត្រីខ១យួរ, ទឹកត្រី១យួរ, មី១កេស និងថវិកា២ម៉ឺនរៀល ព្រមទាំងបានឧបត្ថម្ភថវិកាសរុប ៥០ម៉ឺនរៀល ជូនទីប្រឹក្សាយុវជន យុវជនកាកបាទក្រហម អ្នកស្ម័គ្រចិត្តកាកបាទក្រហម នគរបាល កងរាជអាវុធហត្ថ និងប្រជាការពារ និងគ្រូពេទ្យផងដែរ៕