ក្រុមតាលីបង់រំលោភសាកសព និងបានចាត់ទុកកុមារ និងស្ត្រី ដែលមានវ័យចាប់ពី ១២ ដល់៤៥ឆ្នាំ ជារង្វាន់សង្គ្រាម ដើម្បីផ្តល់ជូនអ្នកប្រយុទ្ធរបស់ពួកគេ ដែលកំពុងកាន់កាប់ប្រទេសអាហ្វហ្គានីស្ថាន

ព័ត៌មានអន្តរជាតិ៖ ក្រោយប្រទេសអាហ្វហ្គានីស្ថាន បានធ្លាក់ក្នុងការគ្រប់គ្រងដោយពួកក្រុមតាលីបង់នោះមក ក្រុមនេះបានយកសាកសពស្ត្រីមករំលោភសេពសន្ថវៈ និងបានដើរឆែកឆេរតាមផ្ទះប្រជាជន ដើម្បីចាប់យកកុមារ និងស្ត្រីមកធ្វើជាទាសករផ្លូវភេទ ថែមទៀតផង។
អឌិតសមាជិកកងកម្លាំងប៉ូលិសអាហ្វហ្គានីស្ថាន លោកស្រី Muskan បាននិយាយថា ក្រុមតាលីបង់ បានរួមភេទជាមួយសាកសព បន្ទាប់ពីធ្វើការឆែកឆេរតាមផ្ទះ ដើម្បីយកស្រ្តីទៅធ្វើជាទាសករផ្លូវភេទ ដាច់ថ្លៃរបស់ពួកគេ។
លោកស្រី Muskan ត្រូវគេដឹងថា បានភៀសខ្លួនទៅកាន់ប្រទេសឥណ្ឌា នៅពេលពួកតាលីបង់ គ្រប់គ្រងប្រទេស ដោយសារតែលោកស្រីភ័យខ្លាច ចំពោះជីវិតខ្លួនលោកស្រី Muskan ផ្ទាល់។ ហើយពួកសកម្មប្រយុទ្ធតាលីបង់ បានរើសយកស្ត្រីពីគ្រួសារ ឬបាញ់ពួកគេ ទោះជាស្លាប់ ក៏ពួកគេរំលោភសាកសពស្ត្រីទាំងនោះដែរ នេះបើតាមលោកស្រី ថ្លែងប្រាប់បណ្តាញព័ត៌មាន News18 កាលពីច្រើនថ្ងៃមុន។
លោកស្រី Muskan បានប្រាប់សារព័ត៌មានទៀតថា “នៅពេលយើងនៅទីនោះ យើងទទួលបានការព្រមានជាច្រើន។ ប្រសិនបើអ្នកទៅធ្វើការ អ្នកកំពុងរងការគំរាមកំហែង គ្រួសាររបស់អ្នកកំពុងរងការគំរាមកំហែង។ បន្ទាប់ពីការព្រមានមួយលើក ពួកគេនឹងឈប់ព្រមានទៀតហើយ។ ពួកគេក៏ចាប់រំលោភសាកសពផងដែរ។ ពួកគេមិនខ្វល់ថា មនុស្សនោះស្លាប់ឬរស់នោះទេ អ្នកសាកស្រមៃទៅមើល”។
ចំពោះស្ត្រី និងក្មេងស្រី ត្រូវបានគេជឿថា ជាមនុស្សដែលមានហានិភ័យបំផុត នៅក្រោមការដឹកនាំរបស់ក្រុមតាលីបង់ ហើយវាហាក់ដូចជាក្រុមតាលីបង់ កំពុងនាំយកវិធីអាក្រក់របស់ពួកគេមកវិញ។ លោកស្រីថា មេបញ្ជាការ តាលីបង់ បានចាត់ទុកស្ត្រី ដែលមិនទាន់រៀបការ ឬស្ត្រីមេម៉ាយ ស្រីៗ និងក្មេងស្រីអាយុពី ១២ឆ្នាំ ទៅ ៤៥ ឆ្នាំ គឺជារង្វាន់សង្គ្រាម ដើម្បីផ្តល់ជូនអ្នកប្រយុទ្ធរបស់ពួកគេ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមមន្រ្តីតាលីបង់ បានបដិសេធថា ក្រុមរបស់ខ្លួនមិនបានបង្ខំស្រ្តីឲ្យធ្វើជាទាសករផ្លូវភេទទេ ហើយបានអះអាងថា សកម្មភាពបែបនេះ គឺផ្ទុយនឹងច្បាប់របស់សាសនាឥស្លាម៕