អភិបាលស្រុកស្ទោង អំពាវនាវឲ្យពលរដ្ឋធ្វើចត្តាឡីស័កដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូវីដ១៩

0

ខេត្តកំពង់ធំ : លោក សាយ គឹមឡម អភិបាលនៃគណអភិបាល ស្រុកស្ទោង និងលោកស្រី ហុង ឡាំងហ៊ាង អភិបាលរងស្រុក អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋក្រីក្រចំនួន០៨គ្រួសារ នៅភូមិ អូរចក ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ ។
លោកអភិបាលស្រុក បាន ណែនាំ ឲ្យបងប្អូន ប្រជាពលរដ្ឋដែលប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលពីអ្នកវិជ្ជមានជំងឺកូវីដ 19 ត្រូវឲ្យធ្វើចត្តាឡីស័កបានត្រឹមត្រូវ រួមទាំងធ្វើតេស្តរកអង់ទីស្សែនកូវីដ១៩ ដើម្បីទប់ស្កាត់ការឆ្លង រីករាលដាលមេរោគកូវិដ 19 ចូលសហគមន៍។
លោក សាយ គឹមឡម បានអោយបងប្អូនដែលកំពុងធ្វើចត្តាឡីស័ក ក៏ដូចជាពលរដ្ឋទាំងអស់ក្នុងស្រុកស្ទោង ត្រូវរស់នៅប្រកបដោយអនាម័យខ្ពស់ ធ្វើលំហាត់ប្រាណអោយបានទៀងទាត់ ត្រូវពាក់ម៉ាស់និងលាងដៃអោយបានជាប្រចាំ ពិសេសត្រូវចាំទុកថា មេរោគកូវីដ១៩ មិនភ្លេចអ្នកទេ បើអ្នកធ្វេសប្រហែសតែបន្តិច អ្នកនឹងអាចឆ្លងមេរោគកូវីដ១៩គ្រប់ពេលវេលា។
អភិបាលស្រុកបានអោយអាជ្ញាធរមូលដ្ឋាន ភូមិឃុំត្រូវបន្តផ្សព្វផ្សាយសារអប់រំស្តីពីវិធាននានារបស់ក្រសួងសុខាភិបាលដល់ប្រជាពលរដ្ខអោយបានទូលំទូលាយ និងបង្កើនការយកចិត្តទុកដាក់ទ្វេដងដល់បងប្អូនប្រជាពលរដ្ខគ្រប់រូបដែលកំពុងធ្វើចត្តាឡីស័កនៅតាមគេហដ្ឋាន។
លោក សាយ គឹមឡម បានជួយឧបត្ថម្ភដល់ពលរដ្ឋដែលកំពុងតែធ្វើចត្តាឡីស័ក ក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គក មី មួយកេះ និង ទឹកស៊ីអ៊ីវមួយយួរ.ដើម្បី ជួយ ដោះស្រាយ ជីវភាព រស់នៅ ប្រចាំថ្ងៃក្នុងពេលស្ថានភាព ជំងឺកូវីដ 19 បាន ឆ្លង រាតត្បាត នៅក្នុង សហគម៕ ដោយ ប៊ុន រដ្ឋា