លោកយាយ លោកតាចាស់ជរាគ្មានទីពឹងក្នុងខេត្តប៉ៃលិន ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិធិចាស់ជរារបស់ឯកឧត្តម អុី ឈាន និងលោកជំទាវ បាន ស្រីមុំ

ប៉ៃលិន÷ ព្រឹកថ្ងៃទី០៥ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ ប្រធានមូលនីធិចាស់ជរា និងជាអភិបាលខេត្តប៉ៃលិន អមដំណើរដោយក្រុមការងារ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ ជាមួយលោកតា លោកតាចាស់ជរាគ្មានទីពឹង និងមានជីវភាពខ្វះខាតទូទាំងខេត្តប៉ៃលិន ដែលមកទទួលប្រាក់ឧបត្ថម្ភប្រចាំខែ ពីក្រុមការងាររបស់មូលនិធិ។

លោកជំទាវ បាន ស្រីមុំ ប្រធានមូលនីធិ បានមានប្រសាសន៍នាំមកនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម អុី ឈានប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន ជូនដល់លោកយាយ លោកតាចាស់ជរាទាំងអស់ ដោយជានិច្ចកាលឯកឧត្តម តែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែងនៅទូទាំងខេត្តប៉ៃលិន។

លោកជំទាវប្រធាន បានមានប្រសាសន៍លើកឡើងថា៖ មូលនិធិនេះបានបង្កើតឡើងក្នុងគោលបំណង និងទិសដៅជួយ ដល់លោកយាយ លោកតាចាស់ជរាគ្មានទីពឹង មានជីវភាពខ្សត់ខ្សោយ និងមានអាយុចាប់ពី ៧០ឆ្នាំឡើងទៅ ដែលពុំមានលទ្ធភាពអាចចេញទៅប្រកបមុខរបរដើម្បីចិញ្ជឹមជីវិតបាន ក៍ដូចជា ការជួយលើកកំពស់កម្រិតជីវភាព និងបំប៉នថែរទាំសុខភាពលោកយាយលោកតា ដោយមិន ប្រកាន់បក្សពួក និងនិន្នាការនយោបាយឡើយ ព្រោះមនុស្សចាស់ គឺមានគុណបំណាច់ធំធេងណាស់ ក្នុងការជួយអប់រំ ប្រៀនប្រដៅ ដល់កូនចៅជំនាន់ក្រោយៗ ឲ្យប្រព្រឹត្តិតែ អំពើល្អ។

ក្នុងឱកាសនោះដែរ លោកជំទាវ បាន ស្រីមុំ ក៏បានមានប្រសាសន៍អំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមប្រយុទ្ធប្រឆាំងបង្ការ ទប់ស្កាត់ ការពារការឆ្លងរីករាលដាល នៃជំងឺកូវីដ–១៩ ដោយត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និងចូលរួមគោរពអនុវត្តន៍នូវវិធានចាំបាច់នានារបស់រាជរដ្ឋាភិបាល ជាពិសេសបងប្អូនពលករដែលទើបត្រលប់ មកពី ក្រៅប្រទេស ត្រូវធ្វើចត្តាឡីស័ក នៅដាច់ដោយឡែកពីសាច់ញាតិបងប្អូនក្រុមគ្រួសារ និងមិត្តភ័ក្តិរយ:ពេល ១៤ថ្ងៃសិន។

លោកយាយ លោកតា ដែលបានទទួលប្រាក់ឧបត្ថម្ភពីមូលនីធីចាស់ជរា បានថ្លែង អំណរ គុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវប្រធានមូលនីធិ ដែលបានឧបត្ថម្ភថវិកា ដល់ពួកគាត់ ជារៀងរាល់ខែ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃបានធូស្រាលមួយកម្រឹតផងដែរ។

សូមបញ្ជាក់ថា៖ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់លោកយាយ លោកតា ក្រុមការងារមូលនិធិត្រូវបានបែងចែកជា ៣ក្រុម គឺក្រុមទី១ បើកផ្តល់ជូនលោកយាយលោកតានៅការិយាល័យតំណាងរាស្ត្រមណ្ឌលប៉ៃលិន ក្រុមទី២ នៅសាលាឃុំអូរអណ្តូង និងក្រុមទី៣ នៅសាលាឃុំស្ទឹងត្រង់ ដោយមូលនិធិ បានបើកផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែ ដល់លោកយាយ លោកតា ចាស់ជរា ចំនួន ៦៨នាក់ដោយ ក្នុង ម្នាក់ៗទទួលបានថវិកា ចំនួន ១០ម៉ឺនរៀលផងដែរ៕