ឣ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន នាំយកគ្រឿង ឧបភោគបរិភោគ ទៅឧបត្ថម្ភដល់កងកម្លាំងចម្រុះ ដែលកំពុងបំពេញបេសកកម្ម ការពារតាមគោលដៅ ខែ្សបន្ទាត់ព្រំដែនកម្ពុជា-ថៃ

ប៉ៃលិន៖ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម សៅ សារ៉ាត់ ឣ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន អមដំណើរដោយលោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិន និងលោកឧត្តមសេនីយ៍ត្រី ទី សុខា មេបញ្ជាការទិសទី៣ប៉ៃលិន ព្រមទាំងក្រុមការងារ បានអញ្ជើញចុះជួបសំណេះ សំណាលសាកសួរសុខទុក្ខ និងបាននាំយកគ្រឿង ឧបភោគបរិភោគ ទៅឧបត្ថម្ភដល់កងកម្លាំងចម្រុះ ដែលកំពុងបំពេញបេសកកម្ម ការពារតាមគោលដៅ ខែ្សបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងការបង្ការ និងទប់ស្កាត់ការចម្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។
ក្នុងឪកាសនេះដែរឯកឧត្តម សៅ សារ៉ាត់ ឣ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដោយខិតខំប្រឹងប្រែងឲ្យបានខ្ពស់ ក្នុងការទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ ទៅកាន់ប្រទេសថៃ ហើយការពង្រឹងសមត្ថកិច្ចតាមព្រំដែន គឺជាការអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ឱ្យបណ្តាខេត្តដែលមានព្រំដែន ជាប់នឹងប្រទេសជិតខាង ត្រូវមានការយកចិត្តទុកដាក់ឱ្យបានខ្ពស់ នូវការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ជាពិសេសព្រំដែនកម្ពុជា-ថៃ ដែលមានហានិភ័យខ្ពស់ ចំពោះពលករខ្មែរចំណាកស្រុក។ ឯកឧត្តម សៅ សារ៉ាត់ ឣ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន ក៍បានជំរុញដល់កម្លាំងចម្រុះទាំងអស់ ត្រូវធ្វើយ៉ាងណាខិតខំតាមដានរាល់សភាពការណ៍ នៃការឆ្លងដែនរបស់ពលករខ្មែរ និងត្រូវប្រចាំការ ២៤ម៉ោង តាមគោលដៅដែលខ្លួនទទួលខុសត្រូវ ក្រែងមានពលករលួចឆ្លងដែន ដោយខុសច្បាប់ទៅកាន់ប្រទេសថៃ ។ជាមួយគ្នានេះសូមសមត្ថកិច្ច ដែលប្រចាំការ តាមគោលដៅ សូមកុំមានការពាក់ព័ន្ធនិងពួកប្រព្រិត្តល្មើស ដែលនាំឲ្យអន្តរាយដល់ខ្លួនយើង និងគ្រួសារយើងផងដែរ។
ឯកឧត្តម សៅ សារ៉ាត់ ឣ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកងម្លាំងចម្រុះ ដែលកំពុងឈរជើងការពារនៅតាមបន្ទាត់ព្រំដែន និងនៅតាមគោលដៅទាំងអស់ ដែលបានខិតខំបំពេញការងារទាំងកំលាំងកាយទាំងកំលាំងចិត្ត ប្រកបដោយការទទួល ខុសត្រូវខ្ពស់ ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការចម្លងរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យជំនាញទាំងអស់ ដែលកំពុងបំពេញបេសកកម្មដ៏ថ្លៃថ្លានេះ សម្រាប់ប្រទេសជាតិ។
សូមបញ្ជាក់ថា៖ អំណោយដែលឯកឧត្តម សៅ សារ៉ាត់ ឣ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន យកទៅឧបត្ថម្ភជូនដល់កងកម្លាំង ដែលកំពុងប្រចាំការ តាមខ្សែរបន្ទាត់ព្រំដែនកម្ពុជាថៃ ដោយក្នុង ១គោលដៅៗ ទទួលបានរួមមាន៖ អង្ករ ៥០គីឡូក្រាម, មី៥កេស, ទឹកស៊ីអ៉ីវ២យួរ,ទឹកសុទ្ធ២០យួរ,ទឹកSTING ២កេស និងថវិកាមួយចំនួនផងដែរ៕