អភិបាលខេត្តកំពង់ចាម បានស្នើដល់មន្ត្រីជំនាញពាក់ព័ន្ធ ឲ្យពង្រឹងការអនុវត្តច្បាប់ លេីបញ្ហាបទល្មើសនេសាទ

កំពង់ចាម : ក្នុង កិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានស្នេីដល់ មន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដាក់ ផែនការ ឲ្យ ខណ្ឌរដ្ឋបាលជលផល ត្រូវរៀបចំ កម្លាំង ជំនាញ ចុះ ល្បាត ត្រួតពិនិត្យ ជាប្រចាំ នៅ តាម ដង ទន្លេ មេគង្គ ក៏ដូចជា តំបន់ អតីត ឡូ នេសាទនានា ក្នុង ដែន សមត្ថកិច្ច របស់ ខ្លួន ដេីម្បី ទប់ស្កាត់ បង្រាប នូវ ឧបករណ៍ នេសាទ ខុសច្បាប់ ដែល ប្រព្រឹត្ត ឡើង ដោយ ជន ឆ្លៀតឱកាស មួយចំនួន ក្នុងរដូវទឹកឡេីងនេះ ដោយ ក្នុង អំឡុង ខែតុលា ឆ្នាំ ២០២០ កន្លងទៅនេះ ក៏មានទូកអូសយ៉ាំងកាវ បើកបុក ទូក ប្រជាពលរដ្ឋ នៅកណ្ដាលទន្លេ រវាងឃុំរំចេក និងឃុំកោះសំរោង ស្រុកកំពង់សៀម បណ្ដាលឲ្យស្លាប់ មនុស្ស ៣នាក់ និងរងរបួស ម្នាក់ ផងដែរ ។

ជាមួយគ្នា នោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បាន ជំរុញ ដល់មន្ទីរសាធារណការ និងដឹក ជញ្ជូនខេត្ត ក៏ដូចជា មន្ត្រី ពាក់ព័ន្ធ ឲ្យ រៀបចំ គម្រោង ជួសជុល ផ្លូវ ក្រាល កៅស៊ូ មួយ ចំនួន ដែល រងការខូចខាត ដោយសារ បញ្ហា ដក់ ទឹក ក្នុងនោះ ក៏ មាន ផ្លូវ នៅ តំបន់ ថ្មគោល ភូមិ ចុង ថ្នល់ និង ភូមិ ឡឥដ្ឋ សង្កាត់ បឹងកុក ក្រុង កំពង់ចាម ដែល ត្រូវ អនុវត្ត នៅ រដូវ ស្ងួត ទឹក ភ្លៀង ខាងមុខនេះ ។

ក្នុង កិច្ចប្រជុំនេះដែរ ឯកឧត្តម ខ្លូត ផន ប្រធាន ក្រុមប្រឹក្សា ខេត្តកំពង់ចាម បាន លើក យក សេចក្តី ព្រាង របៀបវារៈ សំខាន់ ៗ មក ពិភាក្សា រួមមាន ១-ការពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ។
២-ការ ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារ ប្រចាំត្រី មាសទី៣ (កក្កដា សីហា កញ្ញា) និងទិសដៅការងារប្រចាំត្រីមាសទី៤ ឆ្នាំ២០២១ របស់ រដ្ឋបាលខេត្តកំពង់ចាម ។
៣-ការពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងផែនការសកម្មភាពការងារត្រីមាសទី៤( តុលា វិច្ឆិកា ធ្នូ ) ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកំពង់ចាម ។
៤-ការ ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការ រៀបចំគម្រោងខេត្ត ឆ្នាំ២០២២ ៕