ឯកឧត្តមបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកោតសរសើរ ថ្នាក់ដឹកនាំ ខេត្តព្រះសីហនុ

0

ខេត្តព្រះសីហនុ៖ ឯកឧត្តមបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នារសៀល ថ្ងៃទី ០២ ខែ វិច្ឆិកាឆ្នាំ ២០២១បាន អញ្ជើញចុះពិនិត្យ ម៉ាស៊ីន ផលិតអុកស៊ីសែននិងការសាងសង់សំណង់អគារតេជោព្យាបាលជំងឺកូវីដ -១៩  នៅក្នុងបរិវេណមន្ទីរពេទ្យ បង្អែកខេត្តព្រះសីហនុ។

ម៉ាស៊ីនផលិតអុកស៊ីសែនខាងលើគឺមានសមត្ថភាពផលិតអុកស៊ីសែន ក្នុងមួយម៉ោងបាន ៥ដប ស្មើនឹង ៣០ម៉ែត្រគូប។ ចំពោះសំណង់អគារតេជោព្យាបាលជំងឺកូវីដ-១៩ កម្ពស់មួយជាន់ មានទទឹង ៣៣ម៉ែត្រ បណ្តោយ ៩០ម៉ែត្រ គ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅចុងឆ្នាំ២០២១ខាងមុខនេះហើយ។

ក្នុងឱកាសនោះឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លោកគួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត ក្នុងការដឹកនាំមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ក្នុងការប្រយុទ្ធប្រឆាំងនិង ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងខេត្តព្រះសីហនុ ទទួលបានលទ្ធផលល្អ ព្រមទាំងបានកៀរ គរសប្បុរសជន ចូលរួមក្នុងការកសាងសមិទ្ធផលនានាបម្រើឱ្យវិស័យសុខាភិបាល ជាពិសេសការព្យាបាល ជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ កាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត៕

(ដោយនាគសមុទ្រ)