សមត្ថកិច្ចចម្រុះស្រុកតាំងគោក ខេត្តកំពង់ធំ ចេញប្រតិបត្តិការបង្ក្រាបបទល្មើសដឹកជញ្ជូនឈើ តាមរ៉ឺម៉កសណ្តោង និងរថយន្ត រឹបអូសឈើអារ និងឈើមូលបានជាច្រើនម៉ែត្រគូប

0

ខេត្តកំពង់ធំ៖ រថយន្តដឹកឈើមូល ១គ្រឿង និងរ៉ឺម៉កសណ្តោងដឹកឈើអារ ១គ្រឿង ត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើ និងកម្លាំងកងរាជអាវុធហត្ថស្រុកតាំងគោក នៃខេត្តកំពង់ធំ ចុះបង្ក្រាប និងបានរឹបអូសយកមកចាត់ការតាមច្បាប់។

ប្រតិបត្តិការរួមគ្នា រវាងកម្លាំងសង្កាត់រដ្ឋបាលព្រៃឈើតាំងក្រសាំង កម្លាំងផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម និងកម្លាំងកងរាជអាវុធហត្ថស្រុកតាំងគោក បានធ្វើឡើងកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ដោយមានការសម្របសម្រួលពី លោក សាយ វាសនា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ។ ការបង្ក្រាបនោះ បានធ្វើឡើងនៅលើដងផ្លូវជាតិលេខ៦ ស្ថិតនៅភូមិស្វាយកាល ឃុំកកោះ ស្រុកសន្ទុក។

សមត្ថកិច្ចបាននិយាយថា នៅក្នុងប្រតិបត្តិការរួមគ្នាចុះបង្ក្រាបបទល្មើសដឹកជញ្ជូនឈើ ដោយគ្មានការអនុញ្ញាតនេះ សមត្ថកិច្ចចាប់បានរ៉ឺម៉កសណ្តោងដឹកឈើអារ ១គ្រឿង រឹបអូសឈើស្រឡៅបាន ៣៥សន្លឹក និងបានឃាត់រថយន្ត ១គ្រឿង រឹបអូបានឈើមូលជាង ៣០កំណាត់ ដើម្បីនាំយកមកចាត់ការតាមច្បាប់ ស្តីពីព្រៃឈើ។

សមត្ថកិច្ចបានបន្តថា នៅពេលចុះបង្ក្រាបសកម្មភាពដឹកជញ្ជូនឈើនោះ ក្រុមអ្នកដឹកឈើ បានបើករ៉ឺម៉កដឹកឈើ ចូលទៅក្នុងបរិវេណផ្ទះអ្នកភូមិ និងបានដឹកឈើយកទៅលាក់ទុកក្នុងព្រៃ និងដាក់ពង្រាយតាមផ្ទះប្រជាពលរដ្ឋ ហើយបាននាំគ្នាឈរកាន់ពូថៅ និងដែកត្បែង ដើម្បីគម្រាម និងរារាំងដល់កិច្ចការសមត្ថកិច្ច មិនឲ្យចាប់ឈើទាំងនោះ។ លោកថា បើទោះបីជាជួបឧបសគ្គបែបនេះក្តី ក៏កម្លាំងសមត្ថកិច្ច បានសហការគ្នាបង្ក្រាបរ៉ឺម៉កដឹកឈើនោះ និងបាននាំយកមករក្សាទុក នៅសង្កាត់រដ្ឋបាលព្រៃឈើតាំងក្រសាំង ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី និងបន្តស្រាវជ្រាវ តាមចាប់ខ្លួនជនល្មើសទាំងនោះ ដើម្បីនាំខ្លួនមកផ្តន្ទាទោសឲ្យខាងតែបាន។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រុមអ្នកប្រព្រឹត្តបទល្មើសព្រៃឈើ បានធ្វើការដឹកជញ្ជូនផល អនុផលព្រៃឈើ តាមរ៉ឺម៉កសណ្តោងចេញពីខេត្តព្រះវិហារ ចូលមកខេត្តកំពង់ធំ ដោយខុសច្បាប់ ហើយរ៉ឺម៉កនេះ កម្លាំងសមត្ថកិច្ចធ្លាប់ចាប់ម្តងរួចមកហើយ និងក្រុមអ្នកដឹកឈើបានតដៃជាមួយសមត្ថកិច្ច ព្រមទាំងគំរាមដុតរ៉ឺម៉កចោល ថែមទៀតផង៕ដោយ៖ឡុង សំបូរ