ករណីមនុស្សឃាតនៅស្រុកសំពៅលូន មិនទាន់ចាប់ខ្លួនមុខសញ្ញាបានម្នាក់ឡើយ

ខេត្តបាត់ដំបង ៖ មុខសញ្ញាដែលជាជនសង្ស័យបានជិះម៉ូតូប្រមាណជាង ១០ គ្រឿងនៅមិនទាន់ចាប់ខ្លួនបានម្នាក់ឡើយ ក្រោយពីពួកគេបានធ្វើសកម្មភាពកាប់ និង វាយ ទៅលើជនរងគ្រោះម្នាក់បណ្តាលអោយស្លាប់ ក្រោយពីបញ្ជូនដល់មន្ទីរពេទ្យ។

ករណីមនុស្សឃាតនេះ បានកើតឡើងនៅថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២២ វេលាម៉ោង ១១ និង ៣០ នាទី យប់ នៅលើដងផ្លូវស្ថិតក្នុងក្រុមទី៤ ភូមិតាស្តា ឃុំតាស្ដា ស្រុកសំពៅលូន ខេត្តបាត់ដំបងដែលបង្កឡើងដោយជនសង្ស័យ មិនស្គាល់អត្តសញ្ញាណជិះម៉ូតូប្រហែលជាង ១០ គ្រឿង ។

នៅក្នុងហេតុការណ៍នេះ សមត្ថកិច្ចបានអះអាងថាជនសង្ស័យបានធ្វើការស្ទាក់កាប់ទៅលើជនរងគ្រោះ ឈ្មោះ ឡាញ់ ស៊ីណាត ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅ ភូមិចក្រី ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក បណ្តាលអោយរងរបួសយ៉ាងធ្ងន់ធ្ងរនិងបានបាត់បងជីវិតក្រោយពេលបញ្ជូនជនរងគ្រោះដល់មន្ទីពេទ្យ។

នៅពេលនោះដែរក្រុមជនបង្ក និងបក្ខពួកដែលមិនស្គាល់អត្តសញ្ញាណ ក្រោយធ្វើសកម្មភាពរួចបានរត់គេចខ្លួនបាត់អស់ ហើយរហូតមកទល់និងពេលនេះសមត្ថកិច្ចនៅមិនទាន់ចាប់ខ្លួនមុខសញ្ញាណាម្នាក់បានឡើយ ដោយកំពុងធ្វើការស្រាវជ្រាវបន្តទៀត ចំណែកមូលហេតុនៃអំពើមនុស្សឃាតនេះ ក៏មិនទាន់មានប្រភពណាមួយបកស្រាយចេញនៅឡើយទេ ៕ អត្ថបទ : ព្រាប.ស