អភិបាលខេត្តកំពង់ចាម​ ណែនាំដល់មន្ទីរអប់រំ​ ឲ្យត្រួតពិនិត្យឡេីងវិញ​ ចំពោះបុគ្គលគ្រូដែលបង្ខិតបង្ខំ​ ឬដាក់គំនាបលេីកូនសិស្ស​ឲ្យចូលរៀនគួរ​

0

កំពង់ចាម​:​ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម​ នាព្រឹកថ្ងៃទី១៤​ ខែកុម្ភៈ​ ឆ្នាំ២០២២​នេះ​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ បាន​ណែនាំ​ដល់មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្ត​ ឲ្យ​ធ្វើការ​ត្រួតពិនិត្យ​ឡើង​វិញ​ ចំពោះ​បុគ្គលគ្រូដែល​បង្ខិតបង្ខំ​ ឬ​ដាក់​គំនាប​លើ​​សិស្សានុសិស្ស​ ​ឲ្យ​ចូលរៀន​គួរ​ ដេីម្បី​យក​ប្រាក់កម្រៃ​បន្ថែម​​ ដោយ​ឯកឧត្តម​អភិបាលខេត្ត​​បាន​លេីកឡេីងថា​ ចំពោះ​ការ​រៀនសូត្រ​​បំប៉ន​ចំណេះវិជ្ជា​វា​ពិត​ជារឿង​ល្អ​ត្រឹមត្រូវ​ណាស់​ ប៉ុន្តែចំពោះ​ការ​បង្ខិតបង្ខំ​កូន​សិស្ស​ វាជារឿង​មិន​សមស្រប​ ដែល​បង្ក​ឲ្យ​មាន​ការ​ថ្នាំងថ្នាក់​ពី​សំណាក់​អាណាព្យាបាល​​ ​ព្រោះបេី​គ្រូ​ល្អ​ពូកែមែននោះ​ ​គឺ​មាន​សិស្ស​គាំទ្រច្រើន​​ហើយ​នាំគ្នា​​ចូល​រៀន​ពុំខាន មិន​ចាំបាច់​បង្ខិតបង្ខំ​ទេ​ ។​

ក្នុង​កិច្ចប្រជុំ​នោះដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ណែនាំ​ដល់​ថ្នាក់ដឹកនាំ​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​ខេត្ត​ ​ឲ្យ​រៀបចំ​​បញ្ជូន​ក្រុម​ការងារ​ចុះ​ធ្វើ​ការ​​ថែទាំ​ផ្លូវ​ថ្នល់​ ​ក៏ដូចជា​ការ​លុប​ក្រឡុក​សំបុកមាន់ នៅ​តាម​បណ្ដោយ​​ដង​ផ្លូវ​នានា​ ក្នុង​ក្រុង​កំពង់ចាម​ ដែល​រងការខូចខាត​ បន្ទាប់​ពី​សាងសង់​រួច​មួយ​រយៈពេល​ ដេីម្បីសម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ ក៏ដូចជា​ការ​លេីក​កម្ពស់​សោភ័ណ្ឌភាពនៅតាមដងផ្លូវ​ ផងដែរ​ ។

ក្នុង​កិច្ចប្រជុំនេះដែរ​ ឯកឧត្តម​ ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពង់ចាម​ បាន​លើក​យក​សេចក្តី​ព្រាង​របៀបវារៈ​សំខាន់​ៗ​ មក​ពិភាក្សា​ រួមមាន​៖​ ១-ពិនិត្យ​ និង​អនុម័ត​សេចក្តី​ព្រាង​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​សាមញ្ញ​លេីក​ទី​៣២​ អាណត្តិ​ទី​៣​ របស់​ក្រុមប្រឹក្សាខេត្ត​ ។
២-ពិនិត្យ​ ពិភាក្សា​ និង​អនុម័ត​លើ​សេចក្ដី​ព្រាង​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​មករា​ និង​ទិសដៅ​ការងារ​ប្រចាំ​ខែកុម្ភៈ​ ឆ្នាំ​២០២២​ របស់​ក្រុម​ក្រុមប្រឹក្សា​ខេត្តកំពង់ចាម​ ។
៣-​ ពិនិត្យ​ ពិភាក្សា​ និង​អនុម័ត​លើ​សេចក្ដី​ព្រាង​សេចក្តី​សម្រេច​ស្តីពី​ការ​កែសម្រួល​ និង​ទទួល​ស្គាល់​សមាសភាព​គណៈកម្មាធិការ​ពិគ្រោះយោបល់​កិច្ចការ​ស្ត្រី​ និង​កុមារ​ខេត្តកំពង់ចាម​ ។
៤-បញ្ហា​ផ្សេងៗ​មួយ​ចំនួន​ ៕