កាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ នាំយកអំណោយឧបត្ថម្ភដល់ស្ត្រីមានផ្ទៃពោះ និងស្រ្តីកំពុងបំបៅកូនដោយទឹកដោះម្តាយ ១០៤នាក់នៅស្រុកកំពង់សីលា

0

ខេត្តព្រះសីហនុ៖សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុនាព្រឹក ថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០២២នេះបាន រៀបចំប្រារព្វទិវាជាតិ សុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ឆ្នាំ២០២២ ក្រោមប្រធានបទ«ពង្រឹងការផ្តល់ សេវាសុខ ភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ និងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនស្ត្រីមាន ផ្ទៃពោះ និងមាតាកំពុងបំបៅកូនដោយទឹកដោះម្តាយ»  និងនាំយកអំណាយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ដល់ស្ត្រីមានផ្ទៃពោះ ស្រ្តីទើបសម្រាលកូន ចំនួន ១០៤នាក់ មកពីឃុំចំនួន០៤ ក្នុងស្រុកកំពង់សីលា។

ក្នុងឱកាសនោះលោក គួច ចំរើន ប្រធានគណៈកម្មការសាខាកាក់បាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានពាំនាំនូវប្រសាសន៍នៃការផ្តាំសួរសុខទុក្ខ និងក្តីនឹករលឹកពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជានិច្ច កាល តែងតែគិតដល់សុខទុក្ខបង-ប្អូនរួមជាតិជាពិសេសការរស់នៅតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩ ។បច្ចុប្បន្ននេះ យើងកត់សម្គាល់ឃើញថា ស្ត្រីភាគច្រើនបានទៅពិនិត្យផ្ទៃពោះតាមការណាត់របស់គ្រូពេទ្យ ទៅទទួលសេវាថែទាំ និងថ្នាំបង្ការការចម្លងមេរោគផ្សេងៗ ដូចជា មេរោគអេដស៍ មេរោគស្វាយ ជំងឺរលាកថ្លើម ប្រភេទបេពីម្តាយមកទារកក្នុងផ្ទៃ, បានបោះបង់ទម្លាប់សម្រាលដោយឆ្មបបុរាណ មកជាការទៅសម្រាលកូន នៅ មណ្ឌលសុខភាព នៅមន្ទីរពេទ្យបង្អែក និងកន្លែងដែលមានពេទ្យជំនាញ, កាត់បន្ថយបានយ៉ាងពិតប្រាកដ អាត្រា មរណៈរបស់មាតានិងទារក ដែលនេះគឺជាវិធីសាស្ត្រមួយធ្វើឱ្យ បានជ្រួតជ្រាបដល់បង-ប្អូនរួមជាតិយើង ហើយ ជារួម បាននិងកំពុងរួមចំណែក ធ្វើឱ្យមានការផ្លាស់ប្តូរឥរិយាបទក្នុងចំណោមស្ត្រីជាមាតា ស្ត្រីមាន ផ្ទៃពោះ។

ក្នុងនោះលោក គួច ចំរើនក៏បានបញ្ជាក់ផងដែរថា «ក្នុងស្ថានភាពបិទខ្ទប់ និងការខ្លាចរអាដោយសារ ស្ថានភាពជំងឺកូវីដ-១៩កន្លងមក បានធ្វើឱ្យស្ត្រីជាមាតាមួយចំនួន មិនបានទៅពិនិត្យផ្ទៃពោះបានយ៉ាងតិច៤ដង និងទៅតាមការកំណត់របស់គ្រូពេទ្យ ធ្វើឱ្យបងប្អូនស្ត្រីជាមាតាមួយចំនួននោះ ជួបហានិភ័យខ្ពស់ចំពោះអាយុជីវិត មាតា ទារក ក្នុងពេលសម្រាល។ ប្រធានបទនៃទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១កុម្ភៈ ឆ្នាំ២០២២នេះ ហើយក៏ជាប្រធានបទនៃកិច្ចពិភាក្សាថ្ងៃនេះ គឺជាការគូសបញ្ជាក់នូវការបេ្តជ្ញាចិត្តរបស់ក្រសួងសុខាភិបាល របស់ អង្គភាពជំនាញនានា ជាពិសេស អ្នកផ្តល់សេវាទាំងអស់ ក្នុងការពង្រឹងការផ្តល់សេវារបស់ខ្លួន។ ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ដើរតាមមគ្គុទ្ទេសក៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែននៅតែបន្តខិតខំរួមទាំងប្តេជ្ញាចិត្តចូលរួមគាំទ្រការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាពខ្ពស់ឆ្ពោះទៅសម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។

ក្នុងឱកាសនៃទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ឆ្នាំ២០២២នេះផងដែរ ក៏បាននាំយក អំណោយ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាឧបត្ថម្ភដល់ស្ត្រីមាន ផ្ទៃពោះ និងមាតាកំពុងបំបៅកូនដោយទឹកដោះម្តាយ សរុបៈ ១០៤នាក់ ដោយម្នាក់ៗ ទទូលបានៈ អង្ករ ២៥គីឡូ ក្រាម មី ០១កេះ ត្រីខ ០១យួរ ទឹកត្រី ០១យួរ ឃីត ០១ឃីត(មុង០១ ក្រមា០១ ភួយ០១ សារុង០១)ម៉ាស០១កញ្ចប់ ជែល០១ដប និងថវិកា ១០ម៉ឺនរៀល ។ ចំណែកស្រ្តីមានផ្ទៃពោះ និងស្រ្តីមានទារកអាយុ ៣ខែចុះក្រោម ចំនួន ៣២នាក់ ទទួលបានឃីតទារក ០១បន្ថែមទៀត ៕

(ដោយនាគសមុទ្រ)