ឯកឧត្តម​ អ៊ុន​ ចាន់ដា​ ប្រគល់ផ្ទះមនុស្សធម៌ទី៨ ជូនស្ត្រីមេម៉ាយជរាគ្មានទីពឹង ១គ្រួសារ នៅស្រុកកំពង់សៀម​

កំពង់ចាម​:​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ និងជាប្រធានគណៈកម្មាធិការសាខា​កាកបាទក្រហម​ខេត្ត​  ដោយ​មានការនិមន្ត​ និង​អញ្ជើញចូលរួមពីព្រះមន្ត្រីសង្ឃ​ និង​មន្ត្រី​រាជការ​​ នាព្រឹក​ថ្ងៃទី​៨ ខែមិនា​​ ឆ្នាំ​២០២២​​នេះ​ បានប្រគល់ផ្ទះមនុស្សធម៌ទី៨​ ជូនលោកយាយ អ៊ាង មួយហ៊ាង ជាស្ត្រីមេម៉ាយជរាគ្មានទីពឹង អាយុ ៧២ឆ្នាំ  រស់នៅភូមិស្រក ឃុំស្រក ស្រុកកំពង់សៀម ។

ឆ្លៀតក្នុងឱកាសនោះដែរ​ ឯកឧត្តម អ៊ុន ចាន់ដា បានក្រើនរំលឹកប្រាប់ដល់អ្នកចូលរួម និងប្រជាពលរដ្ឋទាំងអស់ ត្រូវបន្ត    រស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទកូវីដ-១៩​ ” ដោយម្នាក់ៗ  ត្រូវបង្កើនការថែទាំសុខភាព ការពារខ្លួនអោយបាន​ជាប់ជាប្រចាំ ដោយមិនត្រូវធ្វេសប្រហែស ឬមើលស្រាលនឹងជំងឺកូវីដ-១៩នេះបានឡើយ ។ ក្នងកាល:ទេស:នេះទាំងអស់គ្នា ត្រូវអនុវត្ត អោយបានខ្ជាប់ខ្ជួន  នូវវិធានសុខាភិបាល ” ៣ការពារ ៣កុំ “  និងជំរុញសាច់ញាតិ បងប្អូន កូនចៅ អោយទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ អោយបានគ្រប់ៗ គ្នា ដែលជួយអោយសហគមន៍មានភាពស៊ាំ និងធ្វើអោយសកម្មភាពសេដ្ឋកិច្ច បានដំណើរការល្អប្រសើរឡេីងវិញ​ ។  

គួរ​បញ្ជាក់​ថា​ យាយ អ៊ាង មួយហ៊ាង ជាស្ត្រីមេម៉ាយជរាគ្មានទីពឹង រស់នៅ​ជាមួយ​កូន​ប្រុស​ម្នាក់អាយុ ៣៥ឆ្នាំ ដែលមានសតិមិនគ្រប់ ​រីឯកូន​ប្រុស​ស្រី​ ២នាក់ទៀតមានគ្រួសាររស់នៅបែកគ្នា ខណ:ជីវភាពគាត់ ជួបការលំបាក រកបានព្រឹក ខ្វះល្ងាច ។ ដោយស្ថានភាពលំបាកនេះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា ក៏បានសម្រេចផ្តល់ជូនផ្ទះឈើខ្ពស់ផុតពីដី ប្រក់ស័ង្កសី​ ទំហំ៤ម×៦ម​ ១ខ្នង តម្លៃប្រមាណជា ១០លានរៀល ។ ក្នុង​នោះ​ក៏​បានផ្ដល់​ជូន​នូវ​អំណោយ​​ សម្រាប់ឡេីងផ្ទះថ្មីនេះ រួមមាន អង្ករ ៥០គក្រ ត្រីខ ២០កំប៉ុង, ទឹកត្រី ១២ដប , ទឹកស៊ីអ៊ីវ ១២ដប, មី ២កេស, ឃីត ២សម្រាប់,  អាវយឺត ១២, ម៉ាស់ ២ ប្រអប់ , ចង្ក្រាន១, សម្ភារផ្ទះបាយមួយចំនួន និង ថវិកា ២០ម៉ឺនរៀល ។ ដោយឡែក​លោកយាយ​ លោកតា​ ដែលចូលរួមជាសាក្សី ក្នុងពិធីប្រគល់-ទទួល ផ្ទះថ្មីនេះ  ចំនួន ១២នាក់ ក្នុងម្នាក់ៗ ទទួលបាន  អង្ករ ត្រីខ ឃីត មី ទឹកត្រី ទឹកស៊ីអ៊ីវ និង អាវយឺត  ម៉ាស់  ព្រមទាំង ថវិកាចំនួន ២០,០០០ រៀល ផងដែរ ៕