អំណោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែតនិងលោកជំទាវត្រូវបានឧត្តមសេនីយ៍ទោ សោម ស៊ុនទៅឧបត្ថម្ភជូនប្រជាពលរដ្ឋរងគ្រោះខ្យល់កន្ត្រាក់ខូចខាតផ្ទះសម្បែង១២គ្រួសារ

ខេត្តកំពង់ធំ៖ ប្រជាពលរដ្ឋរងគ្រោះខ្យល់កន្ត្រាក់ខូចខាតផ្ទះសម្បែង១២គ្រួសារ បានទទួលអំណោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែតអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវពេជ ចន្ទមុន្នី តាមរយះឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅភូមិអូររំដេង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានចូលរួមសោកស្តាយ ចំពោះគ្រោះធម្មជាតិ ធ្វើឲ្យប៉ះពាល់ដល់ជម្រកស្នាក់នៅនិងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូន បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលមានភ្លៀងផ្គររន្ទះ ជៀសវាងការគ្រោះថ្នាក់ដល់អាយុជីវិត ដោយមិនត្រូវប្រើប្រាស់ទូរស័ព្ទដៃ និងប្រព័ន្ធអគ្គិសនីផ្សេងៗឡើយ ។
និងបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋក្រីក្រទាំង១២គ្រួសារ ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការបង្កបង្កើនផល ដាំដំណាំបន្លែបង្កា ចិញ្ចឹមសត្វ ដើម្បីដោះស្រាយជីវភាពគ្រួសារ នឹងត្រូវបន្តអនុវត្តនូវវិធានការការពារទប់ស្កាត់ការឆ្លងជំងឺ covid-19 ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ បីការពារ បីកុំ របស់សម្ដេចតេជោ ហ៊ុន សែន ឲ្យបានខ្ជាប់ខ្ជួន និងបានជួយឧបត្ថម្ភ ក្នុងមួយគ្រួសារទទួលបាននូវ អង្ករ២៥ គីឡូក្រាម មីម៉ាម៉ា១កេស ទឹកត្រីទឹកស៊ីអ៊ីវពីរយួរ និងត្រីខកំប៉ុង១យួរ ។

អាជ្ញាធរដែនដីនិងប្រជាពលរដ្ឋក្រីក្រទាំង ១២ គ្រួសារ សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែតនិងលោកជំទាវពេជ ចន្ទមុន្នី និងមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានជួយដោះស្រាយការលំបាករបស់ពួកគាត់បានទាន់ពេលវេលា និងសូមគោរពជូនពរឯកឧត្តម លោកជំទាវលោក លោកស្រី ទាំងអស់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ ប៊ុន រដ្ឋា