រដ្ឋបាលឃុំសាលាវិស័យបានបើកកិច្ចប្រជុំរៀបចំផែនការក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសាឆ្នាំ២០២២ខាងមុខនេះ

កំពង់់ធំ ÷ លោក ជិន ហុីន មេឃុំសាលាវិស័យ បានដឹកនាំកិច្ចប្រជុំរៀបចំផែនការ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីព្រះចៅអធិការវត្ត និងគណ:កម្មការអាចារ្យវត្តទាំង៧ក្នុងឃុំ លោកជំទប់ទី១ ជំទប់ទី២ លោក/លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ នាយប៉ុស្តិ៍ មន្រ្តីប៉ុស្តិ៍ មេភូមិ/អនុភូមិ និងសមាជិកភូមិទាំង១៩ភូមិ ប្រជាការពារភូមិ សរុបអ្នកចូលរួមចំនួន=៨៩នាក់ ស្រី=៣៩នាក់ ព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២។

លោក ជិន ហុីន មេឃុំសាលាវិស័យ បានលើកយករបៀបវារៈនៃកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយដល់អង្គប្រជុំមានដូចខាងក្រោម÷ ១ .ផែនការការពារពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ២ .សេចក្ត្តីណែនាំស្តីពីវិធានការការពារដើម្បីធានាសន្តិសុខសណ្ដាប់ធ្នាប់ ៣ .សេចក្តីជូនដំណឹងស្ដីពីការរក្សាសន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈនាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ
៤ .បញ្ហាផ្សេងៗ។

នៅក្នុងឱកាសនេះ លោក ជិន ហុីន ប្រធានក្រុមប្រឹក្សាឃុំសាលាវិស័យ បានសំណូមពរដល់ព្រះចៅអធិការវត្តទាំងអស់ សូមសហការជាមួយរដ្ឋបាលឃុំ រដ្ឋបាលប៉ុស្តិ៍មេភូមិ ពិសេសបងប្អូនប្រជាការពារភូមិ ជួយរៀបចំរបៀបរៀបរយក្នុងទីធ្លាវត្តឲ្យបានស្អាត និងសមរម្យ។ ជាពិសេសរៀបចំឲ្យមានការបំភ្លឺដោយអំពូលភ្លើងទាំងការតុបតែងកែលម្អ ការគោរពសក្ការបូជា ទាំងកន្លែងលេងល្បែងប្រជាប្រិយកំសាន្ត កន្លែងលក់ម្ហូបអាហារ និងល្បែងក្មេងលេង កន្លែងដាក់ឡានម៉ូតូកង់ និងត្រូវរៀបចំអោយមានសង្ក្រានគ្រប់វត្ត ព្រមទាំងរៀបចំពិធីប្រកួតបាល់ទះ ឬបាល់ទាត់ជាមិត្តភាពរវាងភូមិ និងភូមិដែលជាចំណុះជើងវត្ត។ ដើម្បីលើកស្ទួយខាងវិស័យកីឡាធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ សប្បាយរីករាយ និងរក្សាបានសន្តិសុខសុវត្ថិភាព ដែលខកខានចូលឆ្នាំអស់រយៈពេលពីរឆ្នាំកន្លងមកហើយ។ ទោះជាយ៉ាងណាក៏ត្រូវតែអនុវត្តឲ្យបានតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារទប់ស្កាត់ជំងឺកូវីដ-១៩ ដោយអនុវត្ត (បីកុំបីការពារ)ជាដាច់ខាត។

ជាមួយគ្នានេះផងដែរលោក ហង់ ឡែម មេប៉ុស្តិ៍សាលាវិស័យ បានបែងចែកផែនការទទួលខុសត្រូវរបស់មន្ត្រីប៉ុស្តិ៍មេភូមិ និងគណៈកម្មការវត្ត ទៅតាមវត្តនីមួយៗព្រមទាំងចុះធ្វើកិច្ចសន្យាតាមបណ្ដាតូបដែលមានលក់គ្រឿងផ្ទុះ ពិសេសរបស់របរដែលមានការហាមឃាត់ ចៀសវាងកុំឲ្យមានគ្រោះថ្នាក់ដល់បងប្អូនដែលមកលេងកំសាន្តនៅតាមវត្តផងដែរ។