ភ្ញៀវមកកក់ បន្ទប់ផ្ទះសំណាក់ សណ្ឋាគារ និងបឹងហ្គាឡូ នៅទូទាំងខេត្តកំពត-កែប សម្រាប់លម្ហែថ្ងៃចូលឆ្នាំខ្មែរ ប្រមាណ៨០%ហើយ

ខេត្តកំពត៖ ខណៈដែលបុណ្យចូលឆ្នាំខ្មែប្រពៃណីជាតិ កាន់តែខិតជិតមកដល់ សេវាស្នាក់នៅក្នុងខេត្តកំពត និងខេត្តកែប បើគិតត្រឹមថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២នេះ ត្រូវបានភ្ញៀវទេសចរកក់សម្រាប់ស្នាក់នៅ ប្រមាណ80%ហើយ។

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានប្រាប់ឲ្យដឹងថា សេវាស្នាក់នៅខេត្តកំពត ដូចជាសណ្ឋាគារ ផ្ទះសំណាក់ បឹងហ្គាឡូ រហូតដល់ពេលនេះ ត្រូវបានភ្ញៀវទេសចរកក់ស្ទើរពេញអស់ទៅហើយ សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ ខាងមុខ។

លោកប្រធានមន្ទីរបានបន្តថា ដោយឡែកសម្រាប់នៅតាមតំបន់រមណីយដ្ឋាននានានៅក្នុងខេត្តក៏បានត្រៀមលក្ខណៈរួចរាល់ជាប្រចាំ សម្រាប់ទទួលភ្ញៀវទេសចរជាតិនិងអន្តរជាតិ ហើយមន្ត្រីជំនាញរបស់មន្ទីរតែងតែងចុះទៅណែនាំអប់រំបន្ថែមជាញឹកញាប់អំពីការអនុវត្តវិធានសុវត្តិភាពទេសចរណ៍ សេស. អូ .ភី (SOP)ហើយកន្លងមកឃើញថាការអនុវត្តបានល្អប្រសើរ មិនមានបញ្ហាណាមួយកើតឡើងនោះទេ ចំណែកទេសចរក៏មានការចូលរួមអនុវត្តវិធានការពារខ្លួនបានល្អដែរ។

លោកបានបញ្ជាក់ផងដែរថាតំបន់ទេសចរណ៍នៅខេត្តកំពតមានការអភិវឌ្ឍន៍ទៅមុខជាដ៏រាប ពិសេសរយៈពេលចុងក្រោយ សេវាស្នាក់នៅមានលក្ខណៈសំបូរបែប និងប្រកួតប្រជែងគ្នាខ្លាំង ទាំងសេវាកម្មល្អ អនាម័យស្អាត បរិស្ថានបៃតង់ ការតប់តែងលម្អបែបអេកូទេសចរណ៍ជាដើមដែលភ្ញៀវអាចសម្រាកនិងកម្សាន្តបានតែម្តង។ចំពោះតម្លៃសេវាស្នាក់នៅ ក៏ដូចជាសេវាចំណីអាហារ ពុំមានការដំឡើងថ្លៃហួសហេតុនោះទេ។

ចំណែកម្ចាស់រមណីយដ្ឋាន ដូងទេ លោក រតនា បានឲ្យដឹងដែរថាសម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ ខាងមុននេះ ភ្ញៀវបានកក់កន្លែងស្នាក់នៅប្រមាណ៨០%ហើយ ចំណែកខ្ចូសអង្គុយលេងក៏មានការកក់ទុកផងដែរ ព្រោះកន្លែងលោកនឹងមានការរៀបចំកម្មវិធីជាច្រើនដូចជាការប្រគំតន្ត្រីរាំលេងកម្សាន្ត ការចាប់កាដូយករង្វាន់ និងការបាញ់កាំជ្រូចជាដើម។

ដោយឡែក បើតាមការលើកឡើងពីលោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ ខេត្តកែប បានបញ្ជាក់ដែរថា រហូតមកដល់ថ្ងៃទី០៨ខែមេសា ឆ្នាំ២០២២ នេះ មានអ្នកទេសចរមកកក់កន្លែងស្នាក់នៅជាង៨០%ហើយ ឯតម្លៃពុំមានការឡើងថ្លៃលើសពីគោលការកំណត់នោះឡើយ៕ សេង ណារិទ្ធ