បើកការប្រកួតថ្ងៃដំបូង អុំទូកថ្នាក់ខេត្តនៅបន្ទាយមានជ័យមានភ្ញៀវ៣ម៉ឺននាក់ចូលរួមទស្សនា

បន្ទាយមានជ័យ៖ថ្ងៃដំបូងនៃព្រះរាជពិធីបុណ្យអុំទូកនៅខេត្តបន្ទាយមានជ័យចំនួន២ថ្ងៃ កាលពីរសៀលថ្ងៃទី០៤ខែវិច្ឆិកា ឆ្នាំ២០២២ នៅស្ទឹងសិរីសោភ័ណ នាបរិវេណសាកលវិទ្យាល័យជាតិមានជ័យនាផ្លុវជាតិលេខ៥ភូមិបាណយសង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណ មានភ្ញៀវប្រមាណ៣ម៉ឺននាក់ចូករួមទស្សនា ។

ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងលោកជំទាវជ័យ ណារី ឯកឧត្ដម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ជាអធិបតីនិងមានមន្ត្រីថ្នាក់ដឹកនាំអាជ្ញាធរ សមត្ថកិច្ច កងកម្លាំងនិងក្រុមការងារចម្រុះ ។

លោកឈួ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យអោយដឹងថា: ទូកចម្រុះចំនួន២៦គ្រឿងដែលត្រូវចូលរួមប្រកួតក្នុងព្រះរាជពិធីបុណ្យអុំទូកនោះ មានទូកវែង មធ្យមនិងតូច ។គឺទូកធំវែងចំនួន៣ទូកដែលមានចំណុះ៦៩-៧៥នាក់ ,ទូកមធ្យម២ទូក ចំណុះ៤៥-៤៧នាក់ ។ ទូកមធ្យម ចំណុះ២២នាក់ ចំនួន១៤ទូក ទូកតូចចំណុះ៥នាក់ ចំនួន៥ទូក និងចំណុះ៣នាក់ ចំនួន២ទូក ។
ការប្រកួតទូកនេះ ក្នុងលក្ខណ:វិលជុំនិងចែកជាពូល ។

ហើយមានកីឡាករចំណុះទូក និងគណ:កម្មការចំនួន១.០៦០នាក់ ។

ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា: ខេត្តបន្ទាយមានជ័យក៏ដូចជារាជធានីភ្នំពេញនិងខេត្តនានា ក្រោយពីខកខានអស់០២ឆ្នាំ មិនបានរៀបចំពិធីដូចខាងលើ ដោយសារទទួលរងនូវផលប៉ះពាល់គ្រោះមហន្តរាយទឹកជំនន់ និងទទួលរងវិបត្តិសាកលនៃការរីករាលដាលជំងឺកូវីដ-១៩ ផង  ទើបរាជរដ្ឋាភិបាល មិនបានប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ។

និងដោយយោងលើកត្តាមានសុខសន្តិភាព ជីវភាពប្រជាពលរដ្ឋក៏ប្រសើរឡើង សេដ្ឋកិច្ចមានកំណើន មានស្ថិរភាពនយោបាយ មានការឯកភាពជាតិ ទើបរាជរដ្ឋាភិបាលកម្ពុជា សម្រេចឱ្យរៀបចំពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែប្រពៃណីជាតិ នេះឡើងនៅបណ្ដារាជធានី ខេត្តនានាទៅតាមលទ្ធភាព។

ជាក់ស្ដែងខេត្តបន្ទាយមានជ័យ ក៏បានរៀបចំការប្រណាំងទូក ដែល ប្រព្រឹត្តទៅចាប់ពីរសៀលថ្ងៃទី០៤-០៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅដងស្ទឹងសិរីសោភ័ណខាងក្រោយ សាកលវិទ្យាល័យជាតិមានជ័យ ។

នឹងប្រារព្ធពិធីបណ្ដែតប្រទីប អកអំបុក សំពះ ព្រះខែ រៀបចំការដាក់តាំង បង្ហាញផលិតផលភូមិមួយផលិតផលមួយ ចាប់ពីថ្ងៃទី១៧ ខែតុលា ដល់ថ្ងៃទី២១ ខែតុលា និងថ្ងៃទី០៣-០៥ខែវិច្ឆិកាឆ្នាំ២០២២ នៅ បរិវេណសួនមានជ័យ ខេត្តបន្ទាយមានជ័យ អមដោយការប្រគុំតន្រ្តីសម័យ និងកម្មវិធី កម្សាន្តផ្សេងៗ ផងដែរ ។

ឯកឧត្ដម អ៊ុំ រាត្រី បានបន្តថា : កន្លងមក ខេត្តបានរៀបចំពិធីបុណ្យនេះ បានញ៉ាំងឱ្យប្រជាពលរដ្ឋចូលរួមកម្សាន្ត សប្បាយនារដូវប្រមូលផល ផង និងក្នុងន័យលើកតម្កើងនូវវប្បធម៌ ប្រពៃណី ខ្មែរឱ្យបានចូលជ្រៅ និងជ្រួតជ្រាបក្នុងស្រទាប់ មហាជន ពិសេសយុវវ័យ ដែលជាទំពាំងស្នងឫស្សី និង ជាសសរគ្រឹះនៃមាតុភូមិរបស់ខ្លួន។

ម្យ៉ាងទៀតពិធីប្រណាំងទូកគឺជាការឧទ្ទិសដល់វីរកងទ័ពជើងទឹកនៃកុលបុត្រខ្មែរក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបាទជ័យវរ្ម័នទី៧ ព្រះមហាវីរក្សត្រខ្មែរដែលបានដឹកនាំកងទ័ពជើងទឹកវាយរំដោះ យកទឹកដី មហានគរ និងបណ្តេញកងទ័ពចានបច្ចាមិត្នានាសម័យនោះ។

ជាមួយគ្នានេះដែរ ពិធីនេះក៏ឧទ្ទិសដល់គុណព្រះធរណីនិងព្រះគង្គា ដែលបាននាំមកដីល្បាប់ដ៏មានជីវជាតិមកស្រោចស្រពលើផ្ទៃដីធ្វើឱ្យ ផលដំណាំប្រជាកសិករទទួលផលល្អប្រសើរសម្រាប់ជីវ ភាពរស់នៅ ។

ឯកឧត្ដម អភិបាលខេត្តបន្តថា : ម្យ៉ាងទៀតពិធីប្រណាំងទូក ក៏គឺជាការង្ហាញនូវទឹកចិត្តជាអ្នកកីឡាដែលមានភាពសាមគ្គី ស្វាហាប់ អង់អាច ដើម្បីសម្រេចដណ្ដើមនូវជោគជ័យ តាមបំណងប្រាថ្នារបស់ខ្លួន ៕ដោយ៖ឃិន គន្ធា