មន្ត្រីក្រសួងមហាផ្ទៃកំពុងដឹកនាំស្ថាប័នស៊ីវិលមកពីរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់និងស្ថាប័នជំនាញពាក់ព័ន្ធ

0

សៀមរាប: មានស្ថាប័នតុលាការ មូលដ្ឋានសុខាភិបាល មន្ទីរផែនការ និងអង្គការសង្គមស៊ីវិលផង ចំនួនសរុបប្រមាណ២៥០រូប ដើម្បីរួមគ្នាធ្វើ សិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដែលកំពុងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២-៣ខែឧសភាឆ្នាំ២០២២ នៅក្នុងអង្គរហូវើដខេត្តសៀមរាប។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងារតាក់តែងសេចក្ដីព្រាងច្បាប់ស្ដីពី
អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាននិងអត្តសញ្ញាណកម្ម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ដែលជាអធិបតីនៃអង្គសិក្ខាសាលានោះមានប្រសាសន៍ថា៖ក្រសួងមហាផ្ទៃបានធ្វើសេចក្ដីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មនិងដាក់ឱ្យគ្រប់ភាគីពាក់ព័ន្ធពិគ្រោះយោបល់គ្នានេះ គឺនៅស្របពេលដែលរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការកសាងឱ្យបាននូវប្រព័ន្ធគ្រប់គ្រងប្រជាពលរដ្ឋដ៏ជាក់លាក់ ដើម្បីធានាបាននូវទិន្នន័យប្រកបដោយទំនុកចិត្ត និងប្រើប្រាស់ទិន្នន័យនោះសម្រាប់ធ្វើការវិភាគ ក្នុងការរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្រ្ត ផែនការអភិវឌ្ឍន៍ជាតិនិងផែនការថវិកា សាធារណៈផ្សេងៗគ្រប់ប្រភេទ។
តាមរយៈការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការកសាងឱ្យបាននូវប្រព័ន្ធគ្រប់គ្រងប្រជាពលរដ្ឋឱ្យជាក់លាក់នេះរាជរដ្ឋាភិបាលក៏បានបង្កើតគណៈកម្មាធិការជាតិ ដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋានស្ថិតិអត្រានុកូលដ្ឋាននិងអត្តសញ្ញាណកម្មមួយដែលមានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាប្រធាននិងថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធមួយចំនួនទៀតចូលរួមបង្កើតជាយន្តការដ៏សំខាន់មួយក្នុងការគាំទ្រ តាមដាន ត្រួតពិនិត្យនិងជំរុញការអនុវត្តផែនការយុទ្ធសាស្រ្តជាតិនេះ។ជាមួយគ្នានេះដែរក្រសួងមហាផ្ទៃក៏បានផ្តួចផ្តើមបង្កើតឡើងនូវផែនការយុទ្ធសាស្រ្តជាតិស្ដីពីអត្តសញ្ញាណកម្មឆ្នាំ២០១៧-២០២៦ឡើងសម្រាប់ជាផែនការបែបទស្សនៈវិស័យសម្រាប់ផ្តល់ជាមគ្គុទេសក៍រយៈពេលវែងលើការងារអត្តសញ្ញាណកម្ម ក្នុងគោលដៅធ្វើកំណែទម្រង់ប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណកម្ម ហើយសេចក្តីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មត្រូវបានធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល។
នាយឧត្តមសេនីយ៍សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា មានប្រសាសន៍ទៀតថាច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មនឹងកំណត់អំពីវិធាននានាដើម្បីធានាថា ១. ការចុះបញ្ជីអត្រានុកូលដ្ឋាននិងការចុះបញ្ជីស្នាក់នៅក្លាយជាកាតព្វកិច្ចសម្រាប់មនុស្សទាំងអស់ដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ២. មនុស្សគ្រប់រូបត្រូវបានកំណត់អត្តសញ្ញាណតាមរយៈការ ផ្តល់លេខកូដសម្គាល់អត្តសញ្ញាណបុគ្គលជូនបុគ្គលគ្រប់រូបដែលមានសញ្ជាតិខ្មែរ និងបុគ្គលទាំងឡាយណាដែលកើតឬស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ៣.មានការបង្កើតប្រព័ន្ធរួមអត្តសញ្ញាណប្រជាជនដែលភ្ជាប់ជាប្រព័ន្ធដោយការចុះបញ្ជីអត្រានុកូលដ្ឋាន ការចុះបញ្ជីស្នាក់នៅ ការចុះបញ្ជីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ការចុះបញ្ជីលិខិតឆ្លងដែន ការចុះបញ្ជីសញ្ជាតិ និងចុះបញ្ជីផ្សេងៗទៀតពាក់ព័ន្ធនឹងអត្តសញ្ញាណរបស់មនុស្សម្នាក់ៗ និងទី៤មានការចងក្រង ការផលិត និងការផ្សព្វផ្សាយស្ថិតិសំខាន់ៗដែលទទួលបានពីទិន្នន័យចុះបញ្ជីអត្រានុកូលដ្ឋានដោយទៀងទាត់ និងតាមការកំណត់ជាដើម។
ការរៀបចំក្របខ័ណ្ឌច្បាប់គឺជាកិច្ចការជាមូលដ្ឋានមួយក្នុងចំណោមកិច្ចការជាមូលដ្ឋានធំៗ ដើម្បីធ្វើជាគ្រឹះនៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិស្ដីពីអត្តសញ្ញាណកម្ម។គណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម បានបង្កើតក្រុមការងារតាក់តែងសេចក្ដីព្រាងច្បាប់ ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដែលមានសមាសភាពមកពីក្រសួងយុត្តិធម៌និងក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីទីប្រឹក្សាច្បាប់អន្តរជាតិនៃអង្គការ Vital Strategies ដែលគាំទ្រដោយមូលនិធិ Bloomberg Philanthropiesផងដែរ ។
តាំងតែពីចុងឆ្នាំ២០១៩ សេចក្ដីព្រាងបឋមនៃច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ត្រូវបានរៀបចំ ហើយបានបន្តប្រជុំពិនិត្យ ពិភាក្សា និងកែសម្រួលជាបន្តបន្ទាប់រហូតសម្រេចបានសេចក្ដីព្រាងចុងក្រោយសម្រាប់ដាក់ជូនអង្គសិក្ខាសាលាពិគ្រោះយោបល់នាឱកាសនេះ៕