ស្លាប់២នាក់ ដោយសារជិះម៉ូតូជ្រេ ដួលចូលទៅក្រោមរថយន្ត

ខេត្តបាត់ដំបង ÷ បុរស២នាក់ បានស្លាប់ភ្លាមៗនៅនិងកន្លែង ខណ:ដែលពួកគេបានជិះម៉ូតូក្នុងល្បឿនលឿន ដោយបានជ្រេឡើងជែងបណ្តាលអោយដួលអូសចូលទៅក្រោមរថយន្តតែម្តង។

ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ៨យប់ នៅលើកំណាត់ផ្លូវជាតិលេខ ៥៩ ស្ថិតក្នុងក្រុមទី ៣ ភូមិថ្នល់បំបែក ឃុំ សំពៅលូន ស្រុកសំពៅលូន ខេត្ត បាត់ដំបង រវាងម៉ូតូនិងរថយន្ត។

របាយការណ៍សមត្ថកិច្ចបានបញ្ជាក់ថា នៅមុនពេលកើតហេតុ មានម៉ូតូឌ្រីមពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ 1L 7588 (បាត់ដំបង) បើកបរដោយឈ្មោះ ឡយ ឃ្លោក ភេទ ប្រុស អាយុ ២៩ ឆ្នាំ រស់នៅភូមិអូរ ឃុំ សន្តិភាព ស្រុកសំពៅលូន និង អ្នករួមដំណើរ ឈ្មោះ អិត តេន ភេទ ប្រុស អាយុ ៣០ ឆ្នាំរស់នៅភូមិ ប្រឡាយប្រាក់ ឃុំ អង្គរបាន ស្រុក សំពៅលូន បានបើកបរម៉ូតូយ៉ាងលឿន ទំនងជាស្រវឹង លុះដល់ត្រង់ចំណុចកើតហេតុ គេក៏បានឡើងជែងនិងម៉ូតូម៉ាកឌ្រីមពណ៌ខ្មៅពាក់ស្លាកលេខ 1 AP 4193 (បាត់ដំបង) ដែលបើកបរដោយឈ្មោះ ឃៀង សុខជា ភេទប្រុស អាយុ ១៦ ឆ្នាំរស់នៅភូមិ ក្បាលល្ហុង ឃុំអង្គរបាន ស្រុក សំពៅលូនខេត្ត បណ្តាលអោយប៉ះដៃចង្កូតក៏បានដួលតែម្តង។

នៅពេលនោះដែរក៏មានរថយន្តម៉ាក ត្រាយតុន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ 2AA 0411 (ភ្នំពេញ)បើកបរដោយឈ្មោះ ណាំ សុពៅ ភេទ ប្រុស អាយុ ២៤ ឆ្នាំរស់នៅ ភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិនខេត្ត ដែលកំពុងបើកបរមកពីមុខ ក៏បានបុកតែម្តង បណ្តាលអោយស្លាប់មនុស្ស២នាក់ ។

តាមការពិនិត្យកន្លែងកើតហេតុអ្នកបើកបរម៉ូតូម៉ាកឌ្រីមពាក់ស្លាកលេខ 1L 7588 (បាត់ដំបង) ដែលមានគ្នាពីរនាក់ បានបើកបរវ៉ាជែងនិងម៉ូតូដែលមានដំណើរស្របទិសគ្នាធ្វើឱ្យទាក់ដៃចង្កូតបណ្ដាលឲ្យដួលទៅមុខរថយន្តដែលធ្វើដំណើរបញ្ច្រាសទិសគ្នា ដោយម៉ូតូដែលដួលនេះអូសចម្ងាយជិត៣០ម៉ែត្រ ទើបចូលរថយន្ត ដោយសារល្បឿនលឿន។

ករណីនេះសមត្ថកិច្ចស្រុក បានប្រគល់ឲ្យជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបងហើយ ដើម្បីធ្វើការតាមនីតិវិធី ដោយឡែកអ្នកបើកបររថយន្តក៏បានបញ្ជូនទៅការិយាល័យដែរ ដោយសារគេមិនបានរត់គេចទៅណាទេ ៕ អត្ថបទ : ព្រាប.ស