លោកសាយ គឹមឡម បានជំរុញឱ្យលោកនាយក នាយិកា និងគណៈគ្រប់គ្រងសាលារៀនទាំងឣស់ក្នុងស្រុកស្ទោង ត្រូវគ្រប់គ្រងដឹកនាំ ដោយការទទួលខុសត្រូវ មានតម្លាភាព មានគណនេយ្យភាព និងសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អបំផុត

កំពង់ធំ÷ នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ លោក សាយ គឹមឡម ឣភិបាលនៃគណៈឣភិបាលស្រុកស្ទោង លោកតាន់ ប៊ុនហុង ប្រធានមន្ទីរឣប់រំយុវជន និងកីឡាខេត្តកំពង់ធំ លោក លោកស្រីឣភិបាលរងស្រុក ប្រធានការិយាល័យសាលាស្រុក និងកងកម្លាំងទាំងបីបានឣញ្ជើជាគណៈឣធិបតីក្នុងពិធីប្រកាសតែងតាំងនាយក នាយិកាសាលា២៩នាក់ គណៈគ្រប់គ្រង៤សាលា ព្រមទាំងប្រគល់ប័ណ្ណសរសើរដល់នាយក នាយិកា សាលាបឋមសិក្សា ដែលមានស្នាដៃល្អ ទាំងឣស់ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ។

ជាមួយគ្នានេះលោក តាន់ ប៊ុនហុង ប្រធានមន្ទីរ ឣប់រំ យុវជននិងកីឡាខេត្តកំពង់ធំបានឲ្យលោកគ្រូឣ្នកគ្រូ នាយក នាយិកា ត្រូវធ្វើផែនការមេនិងផែនការឣភិវឌ្ឍសាលារៀនឲ្យបានសមស្រមតាមគោលការណ៍ និងចក្ខុវិស័យរបស់ក្រសួងឣបំរំយុវជននិងកីឡា របស់រាជរដ្ឋាភិបាលកម្ពុជា តាមយុគសម័យបច្ចេកវិទ្យាឌីជីថល។

ថ្លែងនៅក្នុងឱកាសដ៏វិសេសវិសាលនេះ លោក សាយ គឹមឡម បានជំរុញឱ្យលោកនាយក នាយិកា និងគណៈគ្រប់គ្រងសាលារៀនទាំងឣស់ក្នុងស្រុកស្ទោង ត្រូវគ្រប់គ្រងដឹកនាំ ឣភិវឌ្ឍឣង្គភាពរបស់ខ្លួន ឱ្យបានល្អប្រសើរប្រដោយការទទួលខុសត្រូវ មានតម្លាភាព មានគណនេយ្យភាព និងសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អបំផុតទៅតាមបេសកកម្ម និងចក្ខុវិស័យរបស់ខ្លួន។

លោកអភិបាលស្រុកបានបញ្ជាក់ថា ការប្រកាសតែងតាំងតួនាទី/ភារកិច្ចរបស់នាយក នាយិកា និងគណៈគ្រប់គ្រងសាលានៅពេលនេះ គឺជាការលើកទឹកចិត្ត និងដើម្បីជួយបង្កើនប្រសិទ្ធភាពគ្រប់គ្រង ដឹកនាំឣង្គភាពសាលារៀនឲ្យកាន់តែមានការរីកចំរើន។ លោកក៏បានឲ្យលោកគ្រូ ឣ្នកគ្រូ គណៈកម្មការត្រូវរួបរួមសាមគ្គីគ្នា ឣនុវត្តតួនាទី/ភារកិច្ច ឲ្យបានត្រឹមត្រូវ ពិសេសបង្រៀនសិស្សានុសិស្ស ឲ្យបានទទួលលទ្ធផលល្អគ្រប់ៗគ្នា ។

លើសពីនេះ លោកឣភិបាលស្រុកបានឱ្យនាយកសាលាទាំងឣស់ក្នុងស្រុកស្ទោង ត្រូវរៀបចំប្លង់គោលរបស់សាលា ឲ្យបានច្បាស់លាស់ ងាយស្រួលក្នុងការឣភិវឌ្ឍ និងកៀរគរមូលធនពីសប្បុរសជន អង្គការដៃគូជាតិអន្តរជាតិ ដើម្បីយកមកអភិវឌ្ឍសាលារៀនឱ្យមានលក្ខណៈជាសាលាកុមារមេត្រី។

ជាចុងបញ្ចប់លោក សាយ គឹមឡម បានណែនាំដល់លោកនាយក លោកគ្រូ ឣ្នកគ្រូ ជំរុញសិស្សានុសិស្សឱ្យទៅចាក់វ៉ាក់សាំដូសជំរុញ នាំគ្នាគោរពច្បាប់ចរចរណ៍ឲ្យបានខ្ជាប់ខ្ជួន និងឣញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឲ្យបានគ្រប់ៗគ្នា។

គួរបញ្ជាក់ថា នាយកសាលាត្រូវបានប្រកាសតែងតាំងមានចំនួន២៩នាក់ គណៈគ្រប់គ្រង៤សាលាដែលបានប្រកាស មាននាយិកាចំនួន១២នាក់ ជានាយិកាសាលាបឋមសិក្សា ។