ប្រជាពលរដ្ឋចំនួន៥០០គ្រួសារ ស្ថិតនៅសង្កាត់អាចារ្យលាក់ និងសង្កាត់ព្រៃតាហ៊ូ បានទទួលអំណោយពីលោក សៀ សំណាង ប្រធានសមាគមនិកាយសាសនាចក្រព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធ

 (កំពង់ធំ)÷ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំបានជួបសំណេះសំណាល សួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋចំនួន៥០០គ្រួសារ ស្ថិតនៅសង្កាត់អាចារ្យលាក់ សង្កាត់ព្រៃតាហ៊ូ ដែលមានជីវភាពខ្វះខាតបានទទួលអំណោយពីលោក សៀ សំណាង ប្រធានសមាគមនិកាយសាសនានៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធ និងសមាគមសិស្ស និស្សិតបញ្ញាវ័ន្តក្មេងវត្តខេត្តកំពង់ធំរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ នៅមន្ទីរធម្មការនិងសាសនាខេត្តកំពង់ធំ។ 

      លោក ម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹងសែន បានឡើងធ្វើរបាយការណ៍ជូនអង្គពិធីមានដូចជា អំណោយទាំងអស់នេះគឺបានមកពីសប្បុរសជនក្នុង និងក្រៅប្រទេសដែលជួយឧបត្ថម្ភដល់គ្រួសារជួបការលំបាក ដែលស្ថិតនៅក្នុងសង្កាត់ពីរ។ ការឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ដល់បងប្អូនប្រជាពលរដ្ឋ ដែលជួបការលំបាកដោយសារជំងឺកូវីដ-១៩ កន្លងទៅថ្មីៗនេះ ធ្វើឱ្យជីវភាពរបស់ពួកគាត់ជួបបញ្ហាជាច្រើន ពិសេសគឺ មិនអាចចេញទៅរកស៊ី និងប្រកបមុខរបរបន្ទាប់បន្សំបន្ថែមទៀតបានឡើយ។ 

       លោក សៀ សំណាង ប្រធានសមាគមនិកាយសាសនាចក្រព្រះយេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធបានលើកឡើងពី គ្រឿងឧបភោគបរិភោគទាំងអស់នេះ ដែលឧបត្ថម្ភដល់គ្រួសារចំនួន៥០០គ្រួសារនេះ គឺទទួលបានពីសប្បុរសជនក្នុង និងក្រៅប្រទេស។ ការឧបត្ថម្ភដល់ប្រទេសកម្ពុជាដែលជួបបញ្ហាជំងឺកូវីដ-១៩កន្លងទៅថ្មីៗដែលធ្វើឲ្យពួកគាត់មានបញ្ហាដល់ការរស់នៅ និងការបាត់បង់អាជីវិតមួយចំនួនផងដែរ។

       ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តម ងួន រតនៈអភិបាលខេត្តកំពង់ធំក៏បានមានប្រសាសន៍ថា ដោយសង្កេតឃើញថាបងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្តកំពង់ធំ មួយចំនួនជួបការលំបាកដោយកត្តារារាំងដែលធ្វើឲ្យគាត់មិនអាចប្រកបមុខរបរចិញ្ចឹមជីវិតបាន។ អាស្រ័យហេតុនេះហើយបានជាប្រធានសមាគមនិកាយសាសនាចក្រព្រះយេស៊ូគ្រិស្ត សហការជាមួយ សមាគមសិស្ស និស្សិតបញ្ញាវ័ន្តក្មេងវត្ត នៃមន្ទីរធម្មការ និងសាសនាខេត្តកំពង់ធំចូលរួមចែកអំណោយមនុស្សធម៌ដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងងាយរងគ្រោះធ្វើឲ្យពួកគាត់ទទួលបានភាពសប្បាយរីករាយ ដែលបានទទួលអំណោយមនុស្សធម៌នៅពេលនេះ។

        ជាចុងក្រោយឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ក៏បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមចូលរួមសាមគ្គីភាព រវាងកិច្ចការងារមនុស្សធម៌របស់សមាគម ដែលបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគដល់គ្រួសារងារងគ្រោះ។ សូមចូលរួមទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ទាំងអស់គ្នា តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ពិសេសគឺរក្សា(បីកុំបីការពារ) ឱ្យបានខ្ជាប់ខ្ជួន។

       គួរបញ្ជាក់ផងដែរថា ជាពលរដ្ឋចំនួន៥០០គ្រួសារ ក្នុង១គ្រួសារទទួលបាន÷ អង្ករ២៥គីឡូក្រាម មីជាតិចំនួន ១កេស ត្រីខចំនួន១យួរ ប្រេងឆាចំនួន១ដប ទឹកស៊ីអ៊ីវចំនួន១យួរ និងទឹកត្រីចំនួន១យួរ។