ប្រធានក្រុមការងារចុះជួយឃុំស្រែក្រសាំង បានដឹកនាំសមាជិក សមាជិកាបក្សប្រជាជន បើកយុទ្ធនាការឃោសនារកសម្លេងឆ្នោតជូនបក្ស នៅថ្ងៃដំបូងបង្អស់ នៅក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង

0

ខេត្តស្ទឹងត្រែង៖ ប្រធានក្រុមការងារចុះជួយឃុំស្រែក្រសាំង លោក ស្វាយ ញ៉ន បានដឹកនាំមហាជន និងសមាជិក សមាជិកាបក្សប្រជាជនជាង ៦០០នាក់ ធ្វើមីទ្ទីងជួបជុំគ្នា និងការដង្ហែរជាក្បួន ដើម្បីបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង នៅថ្ងៃទី២១ឧសភាឆ្នាំ២០២២នេះ ដែលជាថ្ងៃដំបូងបង្អស់ នៃថ្ងៃបើកយុទ្ធនាការឃោសនារកសម្លេងឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា។

ប្រធានក្រុមការងារចុះជួយឃុំស្រែក្រសាំង លោក ស្វាយ ញ៉ន​ បានអានសេចក្តីថ្លែងការណ៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងលោក បានអានសុន្ទរកថា បើកយុទ្ធនាការឃោសនារកសម្លេងឆ្នោត សម្រាប់ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ ផងដែរ។

ស្របពេលជាមួយគ្នានេះ លោក ស្វាយ ញ៉ន បានថ្លែងផ្តាំផ្ញើដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ឃុំស្រែក្រសាំងទាំងអស់ ត្រូវខិតខំបំពេញភារកិច្ចឱ្យបានម៉ឺងម៉ាត់ និងគោរពតាមបទបញ្ញត្តិនានារបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

លោក ស្វាយ ញ៉ន បានថ្លែង លើកទឹកចិត្តដល់មន្ត្រី និងសមាជិក សមាជិកាបក្សទាំងអស់ថា នៅរយៈកាលកន្លងមកថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សយើង តែងបានបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងការបម្រើប្រជាពលរដ្ឋដល់មូលដ្ឋានយ៉ាងសកម្ម និងគ្រប់វិស័យជាប់ជាប្រចាំ។ លោកបានថ្លែង ចាត់ទុកយុទ្ធនាការឃោសនាបោះឆ្នោតនាថ្ងៃនេះ គឺជាឱកាសដ៏ប្រព្រៃសម្រាប់បងប្អូនដែលជាសកម្មជន និងឃោសនិកនៅតាមមូលដ្ឋាន ក្នុងការផ្សព្វផ្សាយ និងបញ្ជាក់ឱ្យកាន់តែច្បាស់អំពីសមិទ្ធផល ការប្តេជ្ញាចិត្ត និងទិសដៅការងារ ដែលយើងត្រូវបន្តអនុវត្ត ស្របតាមកម្មវិធីនយោបាយរបស់ គណបក្សប្រជាជនកម្ពុជា ដើម្បីឧត្តមប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជនកម្ពុជា៕ ដោយ៖ឡុង សំបូរ