ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត អញ្ជើញសមាជិកបក្សទៅបោះឆ្នោត គាំទ្របេក្ខជនក្រុមប្រឹក្សាឃុំបន្ទាយស្ទោង

កំពង់ធំៈ ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍ គណបក្សខេត្ត ប្រធានក្រុមការងាររបស់គណបក្សប្រជាជន ចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង បានដឹកនាំសហការី រួមជាមួយបេក្ខជនក្រុមប្រឹក្សាឃុំ បានអញ្ជើញទៅសំណេះសំណាល និងពន្យល់អំពីរបៀបគូសសន្លឹកឆ្នោត រួមទាំងបានអញ្ជើញសមាជិកគណបក្សត្រៀមខ្លួនទៅបោះឆ្នោតគាំទ្រ ជូនបេក្ខជនក្រុមប្រឹក្សាឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះនៅល្ងាចថ្ងៃចន្ទទី២៣ ខែឧសភា ឆ្នាំ២០២២ ។

លោក សូត្រ អ៊ុល បេក្ខជនលេខរៀងទី១ ក្រុមប្រឹក្សាឃុំបន្ទាយស្ទោង បានបង្ហាញជូនអំពីកម្មវិធី អភិវឌ្ឍន៍ឃុំពីឆ្នាំ២០២២ដល់ឆ្នាំ២០២៧ និងបានសុំអភ័យទោសចំពោះកំហុសឆ្គងទាំងឡាយណា ដែលកើតមានឡើងដោយចេតនាក្តីនិងអចេតនាក្តី ក្នុងពេលដែលការដឹកនាំឃុំបន្ទាយស្ទោង រយៈពេលកន្លងមក និងបានប្ដេជ្ញាចិត្តកែប្រែរាល់កំហុសឆ្គង និងបានប្តេជ្ញាចិត្តបន្តបម្រើប្រជាជនដោយស្មោះ អស់ពីចិត្តពីថ្លើមគិតផលប្រយោជន៍ប្រជាជនជាធំ ។

ឯកឧត្តម សោម ស៊ុន បានពន្យល់សមាជិកបក្សអំពីរបៀបគូសសន្លឹកឆ្នោត គាំទ្រគណបក្សប្រជាជនកម្ពុជា នៅឃុំបន្ទាយស្ទោង ដែលមានលំដាប់លេខរៀងទី៤នៅក្នុងសន្លឹកឆ្នោត ហើយបានណែនាំ ដល់សមាជិកបក្សនិងក្រុមគ្រួសារ អញ្ជើញទៅបោះឆ្នោត ជូនបេក្ខជនក្រុមប្រឹក្សាឃុំបន្ទាយស្ទោង របស់គណបក្សប្រជាជន ឲ្យបានគ្រប់ៗគ្នា ដើម្បីឲ្យគណបក្សប្រជាជនបន្ត ការពារសុខសន្តិភាព ការពារសុខមាលភាពរបស់ប្រជាជន និងការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីក ចម្រើនបន្តទៀត ។

ឯកឧត្តមសោម ស៊ុន បានបន្តដឹកនាំកិច្ចប្រជុំក្រុមការងារ គណបក្សខេត្ត ចុះជួយមូលដ្ឋានឃុំ រួមជាមួយគណបក្សឃុំនឹងសាខាបក្សភូមិ ដើម្បីដកបទពិសោធន៍ក្នុងការបើកយុទ្ធនាការ និងការដង្ហែក្បួនឃោសនាបោះឆ្នោត ក្នុងពេលកន្លងមក និងបានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ដើម្បីអនុវត្តបន្តនឹងរៀបចំកម្មវិធីដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតនៅពេលខាងនេះមុខផងដែរ។
ដោយ ប៊ុន រដ្ឋា