ចម្លែកមែនចចកព្រៃមួយក្បាលចេញពីព្រៃមកខាំប្រជាពលរដ្ឋបណ្ដាលឲ្យរងរបួស 6 ទៅ 7 នាក់នៅក្នុងឃុំខុនរ៉ង ស្រុកបរិបូណ៌

ខេត្តកំពង់ឆ្នាំង ចចកព្រៃមួយក្បាលត្រូវបានប្រជាពលរដ្ឋលើកគ្នាដេញវាយងាប់ បន្ទាប់ពីដេញខាំប្រជាពលរដ្ឋបណ្ដាលឲ្យរងរបួស 6 ទៅ 7 នាក់។ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោងប្រមាណ 6 ព្រឹកថ្ងៃទី 24 ខែឧសភា ឆ្នាំ 2022 នៅចំណុចភូមិស្នោ ឃុំខុនរ៉ង ស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំង ។

បើតាមសមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា នៅមុនពេលកើតហេតុមានប្រជាពលរដ្ឋនាំគ្នាទៅយកចង្រិតនៅតាមរណ្ដៅដាក់អំពូលយកចង្រិតដែលពួកគាត់បានដាក់ នៅចុងភូមិស្នោ ពេលនោះមានចចកព្រៃមួយក្បាលសម្បុរ ស .លឿង បានស្ទុះចេញពីព្រៃមកខាំប្រជាពលរដ្ឋជាច្រើនម្នាក់ទៀតព្រមទាំងរត់ចូលភូមិ ដេញខាំមិនរើសមុខ ហាក់ដូចជាឆ្កែឆ្កួតមួយក្បាលបណ្ដាលឲ្យរងរបួស ប្រជាពលរដ្ឋ ពី 6 ទៅ 7នាក់ពេលនោះ ប្រជាពល
រដ្ឋបានលើកគ្នាដេញវាយងាប់ តែម្តង ។

ប្រភពដដែលបានបន្តថា នៅក្នុង ភូមិស្នោ ឃុំខុនរ៉ង មិនមែនជាភូមិមានព្រៃប៉ុន្មានទេគ្រាន់តែជាព្រៃរបោះ និងគុម្ភឫស្សី នៅជាប់ជើងភូមិច្រើន តែប៉ុណ្ណោះ មិនដឹងថាចចកព្រៃមួយក្បាលនេះចេញពីកំហែងណាមកទេ ។
ចំពោះប្រជាពលរដ្ឋដែលរងរបួសបានទៅយកទៅព្យាបាលដោយខ្លួនឯងនៅ មន្ទីរពេទ្យអង្អែកស្រុកបរិបូរណ៍។

សូមបញ្ជាក់ថាមិនមានអ្នករងរបួសធ្ងន់ក្នុងហេតុការណ៍ខាងលើនោះទេ ប៉ុន្តែអ្វីចម្លែកគឺជាលើកទីមួយហើយដែលមានចចកព្រៃចេញមកខាំប្រជាពលរដ្ឋបែបនេះ ៕ សុខ គឹមសៀន