កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃចុះបង្ក្រាបគ្រឿងញៀន២ទីតាំងឃាត់ខ្លួនជនសង្ស័យ ៣នាក់រឹបអូសបានគ្រឿងញៀនជិត ៩០គីឡូក្រាម

រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងក្រោមការចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិនិងជាអគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយធ្វើការស្រាវជ្រាវបង្ក្រាបគ្រឿងញៀនសរុបបានទម្ងន់៨៦គីឡូក្រាម ។ នេះបើតាមការឲ្យដឹងពីសមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀនបានធ្វើសន្និសីទកាសែតបង្ហាញសាធារណជននៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ។

នៅក្នុងប្រតិបត្តិការចុះបង្រ្កាបកន្លែងស្តុកសារធាតុញៀនចំនួន២កន្លែងដែលដឹកនាំដោយឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ គឺមានទីតាំងឋិតនៅផ្ទះ លេខ៨១I ភូមិក្តីតាកុយ សង្កាត់វាលស្បូវ រាជធានីភ្នំពេញ និងមួយកន្លែងទៀតមានទីតាំងឋិតនៅសណ្ឋាគារសមុទ្រខៀវ បន្ទប់១៦០៨ ស្ថិតនៅក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលទីតាំងទាំងពីរកន្លែងនេះជាករណីពាក់ព័ន្ធគ្នា។

ក្នុងប្រតិបត្តិការចុះបង្ក្រាបទីតាំងកែច្នៃទាំងពីរកន្លែងខាងលើនេះ សមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោឃឹង សារ៉ាត់ នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងបានរឹបអូសវត្ថុតាងជាសារធាតុញៀនទម្ងន់៨៦គីឡូក្រាម ឧបករណ៍កែច្នៃបានមួយចំនួន និងបានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន ០៣នាក់ដែលមានទី១-ឈ្មោះ ជូ ស៊ី ជៀ ភេទប្រុស ជាជនជាតិចិនតៃវ៉ាន់, ទី២-ឈ្មោះ លី ជឺ ភេទប្រុស ជាជនជាតិចិន និងទី៣-ឈ្មោះ ផឹង ជិងឈឹង ភេទប្រុស ជាជនជាតិចិន។

លោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ បានមានប្រសាសន៍បញ្ជាក់ថា យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យលើកកម្ពស់សកម្មភាព ប្រតិបត្តិការទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀនដែលនាំចូលពីក្រៅប្រទេស ដោយខិតខំពន្លាតនីតិវិធីស្រាវជ្រាវរកខ្សែរយៈឧក្រិដ្ឋជនជួញដូរគ្រឿងញៀនធំៗ ដើម្បីបង្រ្កាបឱ្យដល់ឫសគល់កាលពីពេលថ្មីៗនេះ ទើបកម្លាំងនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ខិតខំស្រាវជ្រាវរហូតដល់ការចុះបង្ក្រាបដល់ទីតាំងទាំង២កន្លែងខាងលើ។

លោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជនត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបានបំផ្លាញអនាគតរបស់យើង គ្រួសារយើង ជាពិសេសសង្គមជាតិរបស់យើងទាំងមូល។

គួរបញ្ជាក់ថា ការបង្រ្កាបទីតាំងស្តុកគ្រឿងញៀនទាំង២កន្លែងខាងលើ ដែលរឹបអូសបានសារធាតុញៀនប្រមាណ៨៦ គីឡូក្រាម និងមនុស្សចំនួន៣នាក់ជាជន ជាតិចិននេះ ត្រូវបានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានកសាងសំណុំរឿង និងបញ្ជូនទៅតុលាការដើម្បីអនុវត្តនីតិវិធី៕