ឯកឧត្តម​ អ៊ុន​ ចាន់ដា​ ប្រគល់ផ្ទះមនុស្សធម៌ទី១០ ជូនជនចាស់ជរាទ័លលំបាក ១គ្រួសារ នៅស្រុកកំពង់សៀម

កំពង់ចាម​:​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ និងជាប្រធានគណៈកម្មាធិការសាខា​កាកបាទក្រហម​ខេត្ត​ ដោយ​មានការនិមន្ត​ និង​អញ្ជើញចូលរួមពីព្រះមន្ត្រីសង្ឃ​ និង​មន្ត្រី​រាជការ​​ នាព្រឹក​ថ្ងៃទី៨​ ខែមិថុនា​​ ឆ្នាំ​២០២២​​នេះ​ បានប្រគល់ផ្ទះមនុស្សធម៌ទី១០ ជូនជនចាស់ជរាទ័លលំបាក ១គ្រួសារ ឈ្មោះ ចន ព្រុំ​ អាយុ៨៧ឆ្នាំ រស់នៅ ភូមិអន្លង់ស្នូក ឃុំអូរស្វាយ ស្រុកកំពង់សៀម​ ខេត្តកំពង់ចាម​ ។

 

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានក្រើនរំលឹកដល់ប្រជាពលរដ្ឋថា ពិតមែនតែស្ថានភាពនៃការឆ្លងជម្ងឺកូវីដ-១៩ បានធូរស្រាល បង្កលទ្ធភាពអោយសកម្មភាពសេដ្ឋកិច្ច-សង្គម មានសកម្មភាព ពេញលេញឡើងវិញក្តី តែម្នាក់ៗ មិនត្រូវធ្វេសប្រហែស ឬមើលស្រាលបានឡើយ ។ គ្រប់គ្នាត្រូវបង្កើនការការពារខ្លួន ថែរក្សាអនាម័យអោយបានជាប្រចាំ ដោយបុគ្គលម្នាក់ៗ ក៏ដូចជាក្រុមគ្រួសារនីមួយៗ ត្រូវបន្តរៀនរស់ជាមួយជម្ងឺកូវីដ-១៩ ដែលចាំបាច់ ត្រូវអនុវត្ត អោយបានខ្ជាប់ខ្ជួន នូវវិធានសុខាភិបាល ” ៣ការពារ ៣កុំ ” និងជំរុញការចាក់វ៉ាក់សាំង ទាំងដូសមូលដ្ឋាន និងដូសជំរុញ អោយបានគ្រប់ៗគ្នា ដើម្បីគ្រួសារ​ និង សហគមន៍មានសុភមង្គល ក្រោមដំបូលនៃសុខសន្តិភាព និងការ​អភិវឌ្ឍន៍​ ។

 

គួរ​បញ្ជាក់​ថា​ លោក​តា ចន ព្រុំ​ អាយុ​៨៧ឆ្នាំ​ និងប្រពន្ធឈ្មោះ កៅ អាន អាយុ៦១ឆ្នាំ ជាជនចាស់ជរាទ័លលំបាក រស់នៅពឹងអាស្រ័យតែលើប័ណ្ណសមធម៌ ក្នុង១ខែ ប្រមាណជា២០ម៉ឺនរៀល ។ ខណៈ​ដែលកូនប្រុសស្រី ៤នាក់ បានរៀបការបែកគ្រួសារ ប៉ុន្តែជីវភាពក្រលំបាកដូចគ្នា មិនអាចពឹងពាក់គ្នាបាន ។ ជាច្រើនឆ្នាំមកនេះ លោកតាព្រុំ​ វ័យកាន់តែជរា ហើយ យាយ អាន ក៏មានជម្ងឺប្រចាំកាយ ថែមទៀត នាំអោយជីវភាពកាន់តែលំបាក ស្នាក់នៅក្នុងកូនខ្ទមតូចទ្រុឌទ្រោមខ្លាំង​ ដោយស្ថានភាពលំបាកបែបនេះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានសម្រេចផ្តល់ជូនផ្ទះឈើខ្ពស់ផុតពីដី ប្រក់ស័ង្កសី (ទំហំ៤ម×៦ម) ១ខ្នង តម្លៃប្រមាណជា១០លានរៀល ព្រមទាំងផ្តល់សម្ភារ គ្រឿងឧបភោគ បរិភោគ​ សម្រាប់សង្កត់ផ្ទះថ្មីនេះ រួមមាន អង្ករ ៥០គក្រ, ត្រីខ ២០កំប៉ុង, ទឹកត្រី ១២ដប ទឹកស៊ីអ៊ីវ ១២ដប, មី ២កេស, ឃីត ២សម្រាប់, អាវយឺត ១២, ម៉ាស់ ២ប្រអប់ , សម្ភារផ្ទះបាយមួយចំនួន និងថវិកា ២០ម៉ឺនរៀល​ ។ ដោយឡែក លោកយាយ​ លោកតា​ ដែលចូលរួមជាសាក្សី ក្នុងពិធីប្រគល់-ទទួលផ្ទះថ្មីនេះ ចំនួន ២០នាក់ ក្នុងម្នាក់ៗ ទទួលបាន អង្ករ ត្រីខ ឃីត មី ទឹកត្រី ទឹកស៊ីអ៊ីវ និង អាវយឺត ម៉ាស់ ព្រមទាំង ថវិកាចំនួន ២ម៉ឺនរៀលផងដែរ ៕