អភិបាលខេត្តកំពង់ចាម អំពាវនាវ ដល់ យុវជន ឲ្យខិតខំ រៀន ជំនាញ ឯកទេសពិតប្រាកដ និងសុចរិត ខណៈរាជរដ្ឋាភិបាលបានបង្កើតសាលានៅគ្រប់ទីកន្លែង

កំពង់ចាម : ក្នុង ឱកាស ប្រារព្ធ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៥ ឆ្នាំ២០២២ ក្រោមប្រធានបទ «TVET បង្កើនផលិតភាពការងារ និងភាពប្រកួតប្រជែងខ្ពស់» នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន អំពាវនាវ ដល់ យុវជន ឲ្យ ខិតខំ សិក្សា រៀនជំនាញ ឯកទេស ពិតប្រាកដ និង សុចរិត ដើម្បីកសាងអនាគត របស់ ខ្លួន ខណៈរាជរដ្ឋាភិបាលកម្ពុជា បានបង្កើតសាលាបណ្ដុះបណ្ដាលជំនាញបច្ចេកទេស នៅគ្រប់ទីកន្លែង។

ក្នុង ឱកាស នោះ ដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំ ដោយសម្ដេចអគ្គមហាសេនបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានយកចិតត្តទុកដាក់ជាខ្លាំង ក្នុងកសាងធនធានមនុស្ស ដោយចាប់ផ្ដើមពីកម្រិតជំនាញ ដើម្បីបង្កើននូវមុខរបរ និងការងារ រួមទាំងការចូលរួមប្រកួតប្រជែងទីផ្សារ ក្នុងគោលបំណង ដើម្បីលើកកម្ពស់កម្រិតជីវភាព របស់ប្រជាពលរដ្ឋ ដោយរាប់ចាប់តាំងពីពេលដែលយុវជនយើង បញ្ចប់ការសិក្សា ត្រឹមកម្រិតសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទៅ ។ យ៉ាងណាមិញ ទិវាជាតិឆ្នាំនេះ បានរៀបចំឡើងក្នុងគោលបំណង លើកកម្ពស់ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នឹងធ្វើការផ្សព្វផ្សាយទៅដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល កម្មករ និយោជិត និយោជក និងផ្នែកឯកជន ព្រមទាំង សាធារណៈជន ឲ្យបានយល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់ នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងការអភិវឌ្ឍន៍កម្លាំងពលកម្មជំនាញ ប្រកបដោយប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ នៅក្នុងស្រុក និងក្រៅប្រទេស ។

បេីតាមលោក ហាវ ធិន នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម បាន ឲ្យដឹងថា បច្ចុប្បន្ន វិទ្យាស្ថានពហុបច្ចេកទេសខេត្ត មានបណ្ដុះបណ្ដាលលើជំនាញ ដូចជា ៖ វិស្វករអគ្គិសនី វិស្វករអេឡិចត្រូនិក វិស្វករយន្តសាស្ត្រយន្ត វិស្វកម្មសំណង់ស៊ីវិល បរិក្ខាត្រជាក់ឧស្សហកម្ម វិទ្យសាស្ត្រកុំព្យូទ័រ និងមានជំនាញជាច្រើនទៀត តាមតម្រូវការទីផ្សារការងារ ដោយបណ្ដុះបណ្ដាលចាប់ពីកម្រិតវិញ្ញាបនបត្រ រហូតដល់កម្រិតបរិញ្ញាបត្រ ដោយសិក្សាចាប់ពី ១សប្ដាហ៍ រហូតដល់ ៥ឆ្នាំ ។ ទន្ទឹមនឹងនោះ វិទ្យាស្ថាន ក៏បានខិតខំលើកកម្ពស់ការបណ្ដុះបណ្ដាល និងការងារ ដើម្បី បង្កើនផលិតភាព និងភាពប្រកួរប្រជែង ដោយខិតខំស្វែងរកដៃគូ ដូចជា ៖ រោងចក្រ សហគ្រាស ដើម្បី ឲ្យសិស្ស និស្សិតចុះហាត់ការការងារ និងកម្មសិក្សា ជាពិសេស ស្វែងរកការងារជូននិស្សិត ក្រោយបញ្ចប់ការសិក្សា ស្របតាមជំនាញ និងសមត្ថភាពរបស់សិស្ស និស្សិត ផងដែរ ៕