ពិធីបំពាក់ឯកសណ្ឋានយុវជនកាកបាទក្រហមកម្ពុជា

សៀមរាប ៖ យុវសិស្ស ចំនួន ១៥០នាក់ មកពីអនុវិទ្យាល័យ និង វិទ្យាល័យ ស្រុកចំនួនបី គឺស្រុក ពួក ,ក្រឡាញ់ និង ស្រុកស្រីស្នំ ត្រូវបានរៀបចំពិធីបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា កាលពីពីព្រឹកថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ២០២២ នៅអនុវិទ្យាល័យកំពង់ថ្កូវ ស្រុកក្រឡាញ់ ក្រោមអធិបតីភាពលោកជំទាវ សុខ ណារ៉ូ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដោយមានការចូលរួមពីអស់លោក លោកស្រីជាសមាជិកគណៈ កម្មាធិកាសាខា លោកនាយកប្រតិបត្តិសាខា និង អនុសាខា ,ប្រធានកិត្តិយសអនុសាខាស្រុកទាំងបី ផងដែរ
មានប្រសាសន៍នាឱកាសនោះលោកស្រី ម៉ននី រងី្ស ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកក្រឡាញ់ បានលើកឡើងអំពីសកម្មភាព លទ្ធផលដែលក្រុមយុវជនកាកបាទក្រហមកម្ពុជា បានអនុវត្តកន្លងគួឲ្យកត់សម្គាល់ សំខាន់ ក្នុងពេលប្រទេសជួបនូវវិបត្តិជម្ងឺកូវិដ១៩ ក្មួយៗបានចូលរួមយ៉ាងសកម្ម ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជម្ងឺកូវិដ១៩ លើក ការចែកស្បៀងអាហារដល់គ្រួសារក្រីក្រ ដែលជួបការខ្វះខាតក្នុងវិបត្តិកូវិដ នៅក្នុងតំបន់បិទខ្ទប់តាមមូលដ្ឋានមួយចំនួន និង ចូលរួមធ្វើការផ្សព្វផ្សាយអប់រំ ដល់មិត្តរួមសាលា និង ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយផ្តោតលើវិធានការការពារជម្ងឺ កូវិដ១៩ ( ៣កុំ ៣ការពារ ) និង ការគោរពច្បាប់ចរាចរណ៍ រួមទាំងគ្រឿងញៀងទៀតផង ។
លោកជំទាវ សុខ ណារ៉ូ បានលើកឡើងថា សាខាបានរៀបចំពិធីនេះឡើង ហើយកម្ពុជាបានចាត់ទុកយុវជនជាធនធានគន្លឹះ និងមានតម្លៃបំផុតសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ បរិស្ថាន និងការរក្សាសន្តិភាព ហើយនៅគ្រប់សម័យកាលគ្រប់សង្គម យុវជនជាកម្លាំងស្រួចដែលមានកម្លាំងកាយ-កម្លាំងចិត្ត និងស្មារតីភ្លឺស្វាង មានទឹកចិត្តក្លាហាន ពុះពារមិនរារែកគ្រប់ឧបស័គ្គការលំបាកនានា ពិសេសយុវជនគឺជាសសរទ្រូងរបស់ប្រទេសជាតិទាំងនៅពេលបច្ចុប្បន្ន និងទៅអនាគត ។ ជាមួយគ្នានេះដែរ កាកបាទក្រហមកម្ពុជា បានទទួលស្គាល់ថា យុវជនកាកបាទក្រហមកម្ពុជា គឺជាអ្នកស្ម័គ្រចិត្តវ័យក្មេង ដែលជាកម្លាំងស្នូលមួយដ៏មានសារៈសំខាន់ និងសកម្មបំផុត ក្នុងការផ្ដល់នូវសេវាកម្មមនុស្សធម៌ ប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់ និងការលះបង់ឥតងាករេ ស្របតាមប្រធានបទ “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា” និង “យុវជនជាភ្នាក់ងារនៃការផ្លាស់ប្តូរឥរិយាបទក្នុងសង្គម” ។ លោកជំទាវក៏បានលើកសរសើផងដែរ ចំពោះក្មួយៗយុវជនកាកបាទក្រហមកម្ពុជា នៅតាមគ្រឹះស្ថានសិក្សា ក្នុងការចូលរួមយ៉ាងសកម្មក្នុងការងារសង្គម ជាពិសេសក្នុងពេលដែលខេត្តសៀមរាបជួបនូវវិបត្តិជម្ងឺកូវិដ១៩ ដោយតំបន់មួយចំនួនត្រូវបានបិទខ្ទប់ ក្មួយៗបានដឹកនាំយក នូវស្បៀងអាហារ ដើមី្បផ្គត់ផ្គង់ដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត ព្រមទាំងការងារគ្រោះមហន្តរាយទៀតផង ។ ក្នុងនោះលោកជំទាវ សុខ ណារ៉ូ ក៏បានលើនូវពីតួនាទីភារកិច្ចដល់ប្អូនៗ ក្នុងការចូលរួមការងារសង្គម ក្នុងនាមតំណាងឲ្យយុវជនកាកបាទក្រហមកម្ពុជា គ្រប់ស្រទាប់យុវវ័យ និង ជាទំពាំងស្នងឫស្សី ជាអ្នកបន្តវេនក្នុងសកម្មភាពមនុស្សធម៌ ត្រូវគោរពវិន័យសាលា និង ខិតខំរៀនសូត្រឲ្យបានពូកែ ធ្វើជាគំរូល្អគ្រប់សម្មភាពក្នុងស្រទាប់យុវវ័យ ក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និង ពលរដ្ឋល្អក្នុងសង្គម ព្រមទាំងចូលរួម ក្នុងការផ្សព្វផ្សាពីគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហមអឌ្ឍចន្ទក្រហមនៅក្នុងសាលា និង សហគមន៍ ក្នុងសកម្មភាពមនុស្សធម៌ ទាំងក្នុងសាលា និង សហគមន៍របស់ខ្លួន ។ លោកជំទាវក៏បានផ្តាំផ្ញើដល់ក្មួយៗ ទាំងអស់ ត្រូវប្រកាន់ភ្ជាប់នូវគោលការណ៍របស់កាកបាទក្រហមកម្ពុជា និង គោរពឲ្យបានវិធានការ ៣កុំ ៣ការពាររបស់ រាជរដ្ឋាភិបាល បច្ចុប្បន្ននេះកម្ពុជាយើង ចាប់ផ្តើមរលកថ្មីនៃការឆ្លងជម្ងឺកូវិដ (ប្រភេទថ្មី ) និង ចូលរួមផ្សព្វផ្សាយជម្រុញដល់ បងប្អូនប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងនូវដូសមូលដ្ឋានហើយ ត្រូវបន្តចាក់វ៉ាក់សាំងដូសជម្រុញឲ្យបានគ្រប់ៗគ្នា សំខាន់ក្មួយៗ ក៏ត្រូវចាកជៀសឲ្យឆ្ងាយពីគ្រឿងញៀន និង ត្រូវចេះគោរពច្បាប់ចរាចរណ៍ក្នុងពេលបើកបរផងដែរ ៕ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប