ឯកឧត្តម ឈុន ឈន់ អញ្ជើញក្នុងពិធីផ្សព្វផ្សាយខ្លឹមសារសន្និបាតគណៈកម្មាធិការថ្នាក់កណ្ដាល វិសមញ្ញរបស់គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ

(កំពង់ធំ)÷ឯកឧត្តម ឈុន ឈន់ សមាជិកគណៈកម្មាធិការថ្នាក់កណ្ដាលគណបក្សប្រជាជនកម្ពុជា ជាអនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តកំពង់ធំ និងជាប្រធានកិត្តិយសគណបក្សចុះមូលដ្ឋានឃុំឈូក ឯកឧត្តមបណ្ឌិត ប៉ែន សូត្រ សមាជិកក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តកំពង់ធំ និងជាប្រធានកិត្តិយសគណបក្សចុះមូលដ្ឋានឃុំឈូក លោកជំទាវ ង៉ែត ណារីន ប្រធានមន្ទីរខេត្តកំពង់ធំ ក្រុមការងារចុះជួយឃុំឈូក កងកំលាំងទាំងបី មន្ត្រីរាជការ និងសមាជិក សមាជិកា អញ្ជើញចូលរួម ក្នុងពិធីផ្សព្វផ្សាយខ្លឹមសារសន្និបាតគណៈកម្មាធិការថ្នាក់កណ្ដាល វិសមញ្ញរបស់គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

ឯកឧត្តម ឈុន ឈន់ បានលើកឡើងពីការដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានឃុំ សង្កាត់ទូទាំងប្រទេស ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនលើសលប់ ធ្វើឱ្យគណបក្ស បានទទួលជ័យជម្នះដ៏ត្រចះត្រចង់ដោយទទួលបានសំឡេងគាំទ្រស្មើនឹង ៧៤,៣២% នៃសំឡេងឆ្នោតបានការ សរុបទទួលបានអាសនៈក្រុមប្រឹក្សាឃុំ សង្កាត់ ៨០,៦៧% និងទទួលតំណែងជាមេឃុំ ចៅសង្កាត់ ៩៩,៧៦%។

ថ្លៃនៅក្នុងកម្មវិធីនេះផងដែរឯកឧត្តម ឈុន ឈន់ ក៏បានមានប្រសាសន៍ថា តាមរយៈជ័យជម្នះនេះបានឆ្លុះបញ្ចាំងនូវការផ្តល់យុត្តិធម៌របស់ប្រជាពលរដ្ឋចំពោះសច្ចភាពនៃការដឹកនាំដ៏ត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជាទាំងនៅថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន និងបង្ហាញច្បាស់ថាប្រជាជនគាំទ្រសន្តិភាព គាំទ្រការអភិវឌ្ឍ និងគាំទ្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណបក្សចុះមូលដ្ឋាន គណៈកម្មាធិការ គណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក គ្រប់អង្គការចាត់តាំង មន្ត្រី និងសកម្មជនរបស់គណបក្ស ដែលបានប្រឹងប្រែងត លទ្ធភាព យកអស់កម្លាំងកាយ កម្លាំងចិត្ត លះបង់ពេលវេលា និងធនធានផ្ទាល់ខ្លួន ផ្សារភ្ជាប់ជាមួយមូលដ្ឋានជាមួយប្រជាជន ក្នុងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងដ៏រឹងមាំ ដើម្បីបម្រើបុព្វហេតុរបស់គណបក្ស។

ប្រសាសន៍ចុងក្រោយរបស់ឯកឧត្តម គឺការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ ២០២២ បានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលឆ្លុះបញ្ចាំងច្បាស់នូវភាពចាស់ទុំនយោបាយនៃដំណើរការប្រជាធិបតេយ្យសេរី ពហុបក្សនៅកម្ពុជា ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់របស់កម្ពុជា។ ប្រជាពលរដ្ឋកម្ពុជា បានធ្វើសេចក្ដីសម្រេចចិត្តប្រកបដោយវិចារណញ្ញាណ និងភាពជាម្ចាស់ក្នុងការបោះឆ្នោត ដោយបានបោះឆ្នោត គាំទ្រសន្តិភាព គាំទ្រការអភិវឌ្ឍ និងគាំទ្រការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។