ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ណែនាំសមាជិកបក្សស្រុកព្រៃឈរ ត្រូវការពារដាច់ខាតសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម

កំពង់ចាម : ក្នុង ពិធី សម្ពោធ ដាក់ ឲ្យ ប្រេីប្រាស់ ជា ផ្លូវការ នូវ អគារ ទីស្នាក់ការ គណបក្សប្រជាជន កម្ពុជា ស្រុកព្រៃឈរ នាព្រឹក ថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២២នេះ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម បានផ្តល់នូវអនុសាសន៏ណែនាំ ដល់ សមាជិក សមាជិកា គណបក្សប្រជាជន កម្ពុជា ស្រុកព្រៃឈរ ត្រូវការពារដាច់ខាតសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ទប់ស្កាត់រាល់ការប៉ុនប៉ងបង្កចលាចលរបស់ពួកប្រឆាំងជ្រុលនិយម និងមជ្ឈដ្ឋានអគតិ សំដៅធានាដំណើរការអភិវឌ្ឍន៍ និងការរស់នៅដ៏សុខសាន្តរបស់ប្រជា ពលរដ្ឋ ។

ក្នុង ពិធី នោះដែរ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី បានណែនាំ ឲ្យបន្តជំរុញ និង ពង្រឹង ការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពទាំង៧ចំណុច និងខិតខំលើកកម្ពស់អភិបាលកិច្ច ធានាការផ្តល់សេវាសាធារណៈប្រកប ដោយតម្លាភាព ដោយអនុវត្ត ឲ្យបានម៉ឹងម៉ាត់នូវអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” ព្រមទាំង ខិតខំដោះស្រាយជម្លោះដីធ្លីក្រៅប្រព័ន្ធតុលាការ ឲ្យ បានល្អ ប្រសើរ និងខិតខំជំរុញការអនុវត្តគោលនយោ បាយអភិវឌ្ឍន៍ឃុំ ឲ្យទទួលបានសមិទ្ធផលថ្មីៗទៀត ។

ជាមួយគ្នា នោះ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានណែនាំ ឲ្យពង្រឹងការអនុវត្តឲ្យបានល្អ នូវ តួនាទី ភារកិច្ច របៀបរបបធ្វើការរបស់ក្រុមប្រឹក្សាឃុំ និង បន្តពង្រឹងការរៀបចំកម្លាំង ដោយឈរលើ ទស្សនៈរក្សាចាស់ កសាងថ្មី ព្រមទាំងពង្រឹងការងារចលនាមហាជន ជាពិសេសចលនាស្រ្តី និងកម្មករ តាម រយៈ ការទំនាក់ទំនងល្អ ជាមួយ ប្រជាពលរដ្ឋ ។ លេីសពី នោះ ត្រូវមាន ឆន្ទៈស្មោះត្រង់ និង ទទួល ខុស ត្រូវខ្ពស់លើ ការងាររបស់ខ្លួន ក្នុងគោលដៅ លើកកម្ពស់ ជីវភាព រស់នៅ របស់ ប្រជា ពលរដ្ឋ ផងដែរ ៕