អ្នកឧកញ៉ា(លោកគ្រូមា) លី សាម៉េត ជំរុញឱ្យអាជ្ញាធរមូលដ្ឋាន ដោះស្រាយបញ្ហាប្រជាពលរដ្ឋជួបការលំបាក នៅស្រុកស្ទោង ខេត្តកំពង់ធំ

(កំពង់ធំ)÷ អ្នកឧកញ៉ា(លោកគ្រូមា) លី សាម៉េត ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អមដំណើរដោយឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ និងសហការី អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋប្រមាណជាង១០០០នាក់ ស្តិតនៅវត្តខ្មាក់ ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២។

ថ្លែងនៅក្នុងកម្មវិធីនេះអ្នកឧកញ៉ា(លោកគ្រូមា) លី សាម៉េត ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងចំៗ មួយរយៈពេលនេះខ្ញុំសង្កេតឃើញបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោង គឺមានបញ្ហាជាច្រើនដែលកើតឡើងដែលអាជ្ញាធរមូលដ្ឋាន មិនដែលដោះស្រាយជូនពួកគាត់មានដូចជា÷ បញ្ហាដី បញ្ហាស្រូវលិចទឹក បទល្មើសផ្សេងៗ និងសេវាសាធារណៈជូនពួកគាត់ នោះឡើយ។ ទន្ទឹមនិងនេះផងដែរអ្នកឧកញ៉ាក៏បានបន្ថែមទៀត ចាប់ពីពេលនេះតទៅ សូមបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោង សូមកុំមានការព្រួយបារម្ភទៀតឲ្យសោះតែប្រសិនបើមានបញ្ហាផ្សេងៗ សូមរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានពីទុក្ខកង្វល់របស់ខ្លួន ដើម្បីឲ្យពួកគាត់ជួយដោះស្រាយឲ្យបានទាន់ពេលវេលា។

ជាចុងក្រោយអ្នកឧកញ៉ាក៏បានសង្កត់ធ្ងន់ៗ ទៅដល់អាជ្ញាធរមូលដ្ឋានទាំងអស់សូមចូលរួម រៀបចំផែនការសារជាថ្មី ដើម្បីដឹកនាំបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកទាំងមូលឱ្យមានការរីកចម្រើនបន្តទៅទៀតសូមកុំបណ្ដោយពេលវេលាហួសទៅមុខឱ្យសោះ។ បន្ថែមលើសពីនេះទៅទៀត សម្រាប់សេវាសាធារណៈនៅក្នុងឃុំទាំងមូលត្រូវរៀបចំធ្វើយ៉ាងណាឱ្យបានទាន់ពេលវេលា ដល់ពួកគាត់ក្នុងការប្រើប្រាស់ជាប្រចាំថ្ងៃ។