ឯកឧត្តម អ៊ុន ចាន់ដា នាំយកអំណោយ សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ចែកជូនពលរដ្ឋ ងាយរងគ្រោះ ជីវភាព ខ្វះខាត ៥៣គ្រួសារ នៅស្រុកកងមាស

កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហម កម្ពុជា ខេត្តកំពង់ចាម បាននាំយកអំណោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូន ប្រជាពលរដ្ឋ ដែលងាយរងគ្រោះ ជីវភាព ខ្វះខាត ចំនួន ៥៣គ្រួសារ មកពីឃុំព្រែកុយ,ឃុំរាយប៉ាយ, ឃុំអង្គរបាន ,ឃុំពាមជីកង និងឃុំសូរគង, ស្រុកកងមាស ក្នុងនោះ មានចាស់ជរា ២០ គ្រួសារ- ជនមានពិការភាព ១១ គ្រួសារ- ស្ត្រីមេម៉ាយក្រីក្រ ៩គ្រួសារ- មានជំងឺប្រចាំកាយ ៧គ្រួសារ- មានជំងឺរ៉ាំរ៉ៃ ១គ្រួសារ- ទ័លលំបាក ២គ្រួសារ- មានសតិមិនគ្រប់ ២គ្រួសារ និង កុមារកំព្រា ១គ្រួសារ ។

មានប្រសាសន៍ក្នុង ពិធីនោះ ឯកឧត្តម អ៊ុន ចាន់ដា បានពាំនាំនូវបណ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់លោកតា លោកយាយ បងប្អូន ទាំងអស់ ដោយក្តីនឹករលឹក និងអាណិតអាសូរជាទីបំផុត ដែលជានិច្ចកាល សម្ដេចតែងតែខ្វល់ខ្វាយគិតគូរ ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសជនរងគ្រោះ និង ជនងាយរងគ្រោះបំផុត ដោយមិនរើសអើង ប្រកាន់និន្នាការនយោបាយ ឬ សាសនា អ្វីឡើយ ហើយតែងបានចាត់តំណាង អោយចុះអន្តរាគមន៍ដោះស្រាយ ផ្តល់ជំនួយសង្រ្គោះ ជួយ សម្រាលទុក្ខលំបាក បានទាន់ពេលវេលា ស្របតាមទិសស្លោក ” កាកបាទក្រហមមាននៅគ្រប់ទីកន្លែង សម្រាប់យើងគ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោល ” ។
ឯកឧត្តមប្រធានគណ:កម្មាធិការសាខា បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសលោកតា លោកយាយចាស់ៗ សូមយកចិត្តទុកដាក់ ក្នុងការថែទាំសុខភាព សុវត្ថិភាពផ្ទាល់ខ្លួន ហើយកត្តាដែលសំខាន់នោះ គឺត្រូវប្រកាន់ខ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត ពិសារទឹកដាំពុះ, ពិសារអាហារដែលចម្អិនឆ្អិនល្អ និងត្រូវសម្រាន្តក្នុងមុង ហើយសូមជូនពរលោកតា លោកយាយ បងប្អូនទាំងអស់ មានសុខភាពរឹងមាំ អាយុយឺនយូរ បន្តរស់នៅក្រោមម្លប់នៃសុខសន្តិភាព និងការអភិវឌ្ឍន៍។
ឯកឧត្តម អ៊ុន ចាន់ដា បានក្រើនរំលឹកដល់ លោកតា លោកយាយ និង អ្នកចូលរួមទាំងអស់ សូមបន្ត រស់នៅតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩ ដោយអនុវត្តអោយបានខ្ជាប់ខ្ជួន វិធានសុខាភិបាល ” ៣ការពារ ៣កុំ” និង បន្តពន្លឿនការចាក់វ៉ាក់សាំង ដូសជំរុញ អោយបានគ្រប់ៗគ្នា រួមទាំង កុមារអាយុចាប់ពី ៣ឆ្នាំឡើងទៅ ផងដែរ ព្រោះការចាក់វ៉ាក់សាំងនេះ បាន ជួយបង្កើតជារនាំងការពារដ៏រឹងមាំ រួមចំណែកកាត់ផ្តាច់ ការឆ្លងរាលដាល ពិសេសជួយបញ្ជៀស មិនអោយឈឺធ្ងន់ និងបាត់បង់អាយុជីវិត ។
គួរ បញ្ជាក់ ថា អំណោយមនុស្សធម៌ ដែលបានផ្តល់ជូនលោកតា លោកយាយ បងប្អូន ជនងាយរងគ្រោះ ទាំង ៥៣ គ្រួសារ , ក្នុង ១ គ្រួសារ ទទួលបាន ៖
– អង្ករ ២៥ គ.ក្រ , ទឹកត្រី ១យួរ, មីជាតិ ១កេស, ទឹកស៊ីអ៊ីវ ១យួរ, ត្រីខ ១០ កំប៉ុង , សាប៊ូ protex ៤ដុំ , ឃីត ១កញ្ចប់, អាវយឺត ៤ , ម៉ាស់ ១០បន្ទះ និង ថវិកា ៥០,០០០ រៀល ។
ជាមួយ គ្នា នោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានអញ្ជើញប្រគេនព្រះចៅអធិការវត្តសោភ័ណមុន្យារាម ហៅវត្តកោះតាង៉ោ នូវ អង្ករ ១០០គក្រ- មី ៤កេស- ត្រីខ ៤យួរ និង បច្ច័យ មួយចំនួន ផងដែរ ៕