អភិបាលខេត្តត្បូងឃ្មុំ អះអាងថា ការអភិវឌ្ឍយុវជន គឺជាការងារអាទិភាពក្នុងការអភិវឌ្ឍប្រទេសជាតិ និងកសាងសន្តិភាព

ត្បូងឃ្មុំៈ ក្នុង ឱកាស ប្រារព្ធទិវាអន្តរជាតិសម្រាប់យុវជន ខួបលើកទី២៣ ក្រោមប្រធានបទ ” សាមគ្គីភាពអន្តរជំនាន់ ” នៅវិទ្យាល័យសម្តេច ហេង សំរិន អន្លង់ជ្រៃ ស្ថិតនៅឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹក ថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២២ នេះ ឯកឧត្ដម ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ត្បូងឃ្មុំ បានអះអាងថា ការអភិវឌ្ឍយុវជន គឺជាការងារអាទិភាពក្នុងការអភិវឌ្ឍប្រទេសជាតិ និងកសាងសន្តិភាព ពីព្រោះយុវជនគឺជាទំពាំងស្នងឬស្សី ដែលចាំបាច់ត្រូវមានការអភិវឌ្ឍទាំងកាយសម្បទា ចំណេះដឹង បញ្ញាស្មារតីដើម្បីក្លាយខ្លួនជាធនធានមនុស្សប្រកបដោយគុណវុឌ្ឍក្នុងការចូលរួមចំណែកអភិវឌ្ឍជាតិឲ្យបានរុងរឿង ថ្កើងថ្កាន។

ក្នុង ឱកាសនោះ ដែរ ឯកឧត្តមអភិបាលខេត្ត បាន បន្ត ថា ក្នុង នាម ជា យុវជនត្រូវមានមោទនភាពជាតិ និងខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពខ្លួន និងចូលរួមការងារសង្គមដោយចាប់ផ្តើមចេញពីខ្លួនឯងជាមុន។ ម៉្យាងទៀត យុវជនកម្ពុជា គឺជាធនធានគន្លឹះ និងមានតម្លៃបំផុតសម្រាប់ការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច សង្គម វប្បធម៌ បរិស្ថាន និងជាកម្លាំងចលករដ៏សំខាន់ ដើម្បីរក្សាបាននូវកំណើនសេដ្ឋកិច្ចជាតិនៅពេលបច្ចុប្បន្ន និងអនាគត។

ជាមួយគ្នា នោះ ឯកឧត្ដម ជាម ច័ន្ទ សោភ័ណ ក៏បានលើកទឹកចិត្តដល់សិស្សានុសិស្ស ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ គោរពច្បាប់ចរាចរណ៍ ចេះស្រលាញ់បរិស្ថាន និងជៀសឲ្យឆ្ងាយពីគ្រឿងញៀន ត្រូវធ្វើជាយុវជនគំរូ ជាសិស្សល្អ កូនល្អ ពលរដ្ឋល្អ ត្រូវថែរក្សាសុខភាពឲ្យបានល្អ ពិសេសការពារខ្លួនពីជំងឺកូវីដ១៩ តាមរយៈការអនុវត្តវិធានការការពារ និងការចាក់វ៉ាក់សាំងដុសបន្តបន្ទាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ផងដែរ ។

បើតាមកាឲ្យដឹងពីលោក អ៉ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តត្បូងឃ្មុំ បាន ឲ្យដឹងថា ដើម្បីចូលរួមក្នុងអភិវឌ្ឍធនធានមនុស្សដែលជាស្នូល នៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងអនុវត្តកម្មវិធីកំណែទម្រង់វិស័យអប់រំ ដោយឈរលើមូលដ្ឋាន សរសរស្ដម្ភចំនួន៥៖ (១)ការអនុវត្តផែនការសកម្មភាពគោលនយោបាយគ្រូបង្រៀន (២)ការពិនិត្យឡើងវិញនូវកម្មវិធី សិក្សា សៀវភៅសិក្សាគោល និងការកែលម្អបរិស្ថានសិក្សា (៣)ការដាក់ឲ្យអនុវត្តធិការកិច្ច (៤)ការពង្រឹងរង្វាយតម្លៃការ សិក្សា និង(៥)ការកែទម្រង់ឧត្តមសិក្សា ៕