អាជ្ញាធរសវនកម្មជាតិ រៀបចំសិក្ខាសាលាផ្សព្វផ្សាយ ច្បាប់ស្តីពីសវនកម្មនិងស្តង់ដារសវនកម្មសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់រដ្ឋបាលខេត្តកំពង់ធំ

កំពង់ធំ÷ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ រដ្ឋបាលខេត្តកំពង់ធំ អាជ្ញាធរសវនកម្មជាតិ បានរៀបចំសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយច្បាប់ស្តីពីសវនកម្ម និងស្តង់ដារសវនកម្មសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា ជូនថ្នាក់ដឹកនាំ និងមន្ត្រី នៅតាមមន្ទីរជំនាញ និងអង្គភាពពាក់ព័ន្ធ ព្រមទាំងកងកម្លាំងប្រដាប់អាវុធ និងថ្នាក់ដឹកនាំក្រុង/ស្រុក និង ឃុំ/សង្កាត់ នៃរដ្ឋបាលខេត្តកំពង់ធំ សរុបចំនួន ១៥៤ នាក់ នៅសាលប្រជុំសណ្ឋាគារកំពង់ធំរ៉ូយ៉ាល។ អង្គសិក្ខាសាលានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សួន សិទ្ធី អគ្គសវនកររង និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត សោម គីមសួគ៌ អគ្គសវនករ នៃអាជ្ញាធសវនកម្មជាតិ និងមានការចូលរួមពី ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុក ហៃ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម សុក ហៃ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅ ព្រមទាំងបានកត់សម្គាល់ថា សម្រាប់រដ្ឋបាលខេត្តកំពង់ធំ ការរៀបចំឱ្យមានអង្គសិក្ខាសាលានាពេលនេះ, គឺជាឱកាសដ៏វិសេសមួយ ក្នុងការស្វែងយល់អំពី ច្បាប់ស្តីពីសវនកម្ម និងស្តង់ដារសវនកម្មសាធារណៈ នៃព្រះរាជាណាចក្រម្ពុជា។

ថ្លែងនៅក្នងកម្មវិធីនេះ ឯកឧត្តមបណ្ឌិត សួន សិទ្ធី អគ្គសវនកររង និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត សោម គីមសួគ៌ អគ្គសវនករ នៃអាជ្ញាធសវនកម្មជាតិ បានមានប្រសាសន៍ គូសបញ្ជាក់ថាអង្គសិក្ខាសាលានាពេលនេះ មានគោលដៅចូលរួមពង្រឹង និងបង្កើនសមត្ថភាព ដល់មន្ត្រីរាជការដែលបំពេញការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ ដើម្បីគាំទ្រយន្តការអនុវត្តការងារសវនកម្មប្រកបដោយកម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងស័ក្កសិទ្ធភាព ក្នុងការសម្រេចគោលបំណងធ្វើឱ្យមានអភិបាលកិច្ចល្អ និងចូលរួមចំណែកកាត់បន្ថយ និងទប់ស្កាត់នូវរាល់កំហុសឆ្គងលើការគ្រប់គ្រង និងប្រើប្រាស់ថវិកាជាតិ ការគ្រប់គ្រងធនធាន ទ្រព្យសម្បត្តិរដ្ឋដើម្បីឈានទៅបង្កើនជំនឿទុកចិត្តពីប្រជាពលរដ្ឋ។

ក្នុងកិច្ចបន្ទាប់ ឯកឧត្តមបណ្ឌិត ព្រហ្ម វិចិត្រសុភ័ណ្ឌ អគ្គលេខាធិការរង និងជាគ្រូឧទ្ទេសនាម នៃអាជ្ញាធរ សវនកម្មជាតិ បានធ្វើបទឧទ្ទេសនាមស្តីពី ច្បាប់ស្តីពីសវនកម្ម និងស្តង់ដារសវនកម្មសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា ដោយកំណត់លើ ៤ចំណុច សំខាន់ៗ រួមមាន៖ ទី១-សាវតាស្ថាប័នអាជ្ញាធរសវនកម្មជាតិ ទី២-ហេតុអ្វីត្រូវមានច្បាប់ស្តីពីសវនកម្មនៃព្រះរាជាណាចក្រកម្ពុជា ទី៣-ខ្លឹមសារនៃច្បាប់សវនកម្មនៃព្រះរាជាណាចក្រកម្ពុជា និងទី៤-ស្តង់ដារសវនកម្មសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់មន្ត្រីរាជការ និងកងម្លាំងប្រដាប់អាវុធ ព្រមទាំងមន្ត្រីថ្នាក់ក្រុង/ស្រុក សង្កាត់/ឃុំ ទាំងអស់ ចំណុះរដ្ឋបាលខេត្តកំពង់ធំ។

គួរំលឹកផងដែរថា, អាជ្ញាធរសវនកម្មជាតិ គឺជាស្ថាប័នសាធារណៈឯករាជ្យអំពីកិច្ចប្រតិបត្តិការការងារនិងមានភារកិច្ចធ្វើការត្រួតពិនិត្យ និងផ្តល់អនុសាសន៍កែតម្រូវ លើរាល់កំហុសឆ្គងរបស់អង្គភាពរងសវនកម្មព្រមទាំងធ្វើរបាយការណ៍ស្តីពីលទ្ធផលការងារ ជូនស្ថាប័ននីតិបញ្ញត្តិ ពោលគឺ រដ្ឋសភា និងព្រឹទ្ធសភា និងចម្លងជូនរាជរដ្ឋាភិបាល និងរបាយការណ៍សវនកម្មត្រូវបានផ្សព្វផ្សាយជាសាធារណៈ។