អាជ្ញាធរ​ខេត្តកំពង់ចាម​ ត្រៀមរៀបចំពិធីដង្ហែភ្លើងគប់ សម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣

0

កំពង់ចាម​:​ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំ ដើម្បីត្រៀមរៀបចំពិធីដង្ហែភ្លើងគប់ (ព្រះអគ្គីកីឡា) សម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ឆ្លងកាត់ខេត្តកំពង់ចាម ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ បានសម្រេច បង្កើតក្រុមការងារថ្នាក់ខេត្ត សម្រាប់ទទួលបដិសណ្ឋារកិច្ច ការដង្ហែរភ្លើងគប់ចេញពីខេត្តស្ទឹងត្រែង,ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ មកកាន់ខេត្តកំពង់ចាម តាមផ្លូវជាតិលេខ ៦,៧ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ដែលត្រឡប់មកពីបណ្តាប្រទេសអាស៊ាន ក្បួនដង្ហែរភ្លើងគប់តាមផ្លូវជាតិលេខ៧ កាត់តាមក្រុងកំពង់ចាម,ស្រុកកំពង់សៀម, ព្រៃឈរ, ជើងព្រៃ និងស្រុកបាធាយ និងពិធីដង្ហែរភ្លើងគប់ជុំវិញបឹងទន្លេសាប មកដល់
ខេត្តកំពង់ចាម នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១៤៖០០ នាទី ដោយឆ្លងកាត់ ស្រុកជើងព្រៃ និងស្រុកបាធាយ ។

ដែល​តម្រូវ​ឱ្យ​ស្រុកទាំង២នេះ មានតួនាទី ភារកិច្ច រៀបចំសោភ័ណភាពតាមដងផ្លូវជាតិលេខ៦,៧ ឱ្យស្អាត ហើយ​ណែនាំឱ្យប្រជាពលរដ្ឋដែលមានលំនៅដ្ឋានតាមដងផ្លូវជាតិលេខ៦,៧ ចងទង់ជាតិ និងសំអាតលំនៅដ្ឋានឱ្យបានស្អាតគ្រប់ៗផ្ទះ, រៀបចំរថយន្តសង្គ្រោះបន្ទាន់ត្រៀមសង្គ្រោះនៅពេលមានឧប្បទ្ទវហេតុកើតឡើងជាយថាហេតុណាមួយ និងរថយន្តអគ្គិភ័យអមដំណើរតាមពីក្រោយក្បួនដង្ហែរភ្លើងគប់ និង រៀបចំសន្តិសុខ សណ្តាប់ធ្នាប់ និងចរាចរណ៍តាមដងផ្លូវពេលក្បួនដង្ហែរភ្លើងគប់មកដល់ និង អញ្ជើញព្រះសង្ឃ ប្រជាពលរដ្ឋសិស្សានុសិស្ស យុវជនកាយឬទ្ធិ យុវជនកាកបាទក្រហម នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ និងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ដើម្បីចូលរួមឈរអមក្បួនដង្ហែរភ្លើងគប់ និងមានកាន់ទង់ជាតិ និងទង់អាស៊ាន ឱ្យបានច្រើនកុះករ​ផងដែរ​ ៕