ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ៖​ ភាពជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា គឺអាស្រ័យលើយើងទាំងអស់​គ្នា​

0

កំពង់ចាម:​ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម មានប្រសាសន៍ថា ភាពជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា គឺអាស្រ័យលើយើងទាំងអស់គ្នា ដែលបានខិតខំប្រឹងប្រែងយ៉ាងស្មើដៃគ្នា សាមគ្គីភាព ការយោគយល់គ្នា និងរួមដៃសហការគ្នាជាមួយមន្ត្រីគណបក្សនៅមូលដ្ឋាន បម្រើសេវា និងដោះស្រាយបញ្ហាជូនប្រជាជន នៅតាមភូមិឃុំ សង្កាត់ ទូទាំងខេត្តកំពង់ចាម។​ ការ​ថ្លែង​បែប​នេះ​ ខណៈ​ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី រួមនឹងឯកឧត្តម ហ៊ុន ម៉ានិត អនុប្រធានទី១ ក្រុមការងារគណបក្សចុះជួយខេត្តកំពង់ចាម បាន​អញ្ជើញ​ប្រារព្ធ​ពិធី​អបអរសាទរ សន្និបាតគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣​ នៅសាលប្រជុំសសរ១០០ សម្តេចតេជោ ហ៊ុន សែន នគរបាជ័យ ក្រុងកំពង់ចាម​ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តម លោកជំទាវ ប្រធានក្រុមការងារចុះជួយក្រុង ស្រុក គណៈអចិន្ត្រៃយ៍បក្សខេត្ត គណបក្សមូលដ្ឋានក្រុង ស្រុក ឃុំសង្កាត់ ទូទាំងខេត្ត សរុបជាង៤០០នាក់​ ​​។

បន្ទាប់ពីឯកឧត្តម អ៊ុន ចាន់ដា ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សខេត្ត​កំពង់ចាម​ បាន​អានរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ និងទិសដៅបន្តរបស់គណបក្សខេត្ត ក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងារ ក៏បានថ្លែងអរគុណដល់ក្រុមការងារ គណៈពង្រឹងទាំងអស់ និងមន្ត្រីគណបក្សគ្រប់ថ្នាក់ ចំពោះការខិតខំកន្លងមក ហើយឯកឧត្តមសង្ឃឹមយ៉ាងម៉ត់មាំថា យើងនឹងបន្តខិតខំរួមគ្នាបន្ថែមទៀត ដើម្បីបង្កើនការគាំទ្រ ដើម្បីនាំមកនូវភាពជោគជ័យជូនគណបក្សប្រជាជនកម្ពុជា​ ៕