មេបញ្ជាការតំបន់សឹក ផ្សព្វផ្សាយគោលនយោបាយភូមិ.ឃុំ មានសុវត្ថិភាពនិងបំពាក់ឯកសណ្ឋានជូនប្រជាការពារ

0

ខេត្ត​កំពង់ធំ. នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដីទៅផ្សព្វ ផ្សាយគោលនយោបាយភូមិ.ឃុំ.សង្កាត់ មានសុវត្ថិភាពនិងបំពាក់ឯកសណ្ឋានជូនប្រជាការពារចំនួន ១៥ នាក់ នៅភូមិថ្នល់បែកខាងកើត ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា គោលនយោបាយភូមិ.ឃុំ.សង្កាត់មានសុវត្ថិភាពទាំង៧ចំណុច របស់រាជរដ្ឋាភិបាល គឺដើម្បីធ្វើឲ្យភូមិ.ឃុំ របស់យើងមានសុខសន្តិភាព គ្មានអំពើលួចឆក់ប្លន់ គ្មានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ គ្មានការលេង ល្បែងស៊ីសងខុសច្បាប់ គ្មានគ្រោះថ្នាក់ចរាចរណ៍ គ្មានក្មេងទំនើង គ្មានការប្រើអំពើហិង្សាក្នុងគ្រួសារ និងការសម្របសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីភាគីទាំងសងខាងឈ្នះទាំងអស់គ្នា គ្មានអ្នកឈ្នះនិងគ្មានអ្នកចាញ់។ ដូច្នេះសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយភូម .ឃុំ សង្កាត់មានសុវត្ថិភាពទាំង៧ចំណុច ដើម្បីភាពសុខសាន្តរបស់យើងទាំងអស់គ្នានៅក្នុងមូលដ្ឋាន ។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព ដែលយើងកំពុងមានដូចសព្វថ្ងៃនេះ ឲ្យនៅគង់វង្សជារៀងរហូត ដើម្បីប្រទេសជាតិយើងបន្តការអភិវឌ្ឍឱ្យមានការរីកចម្រើនបន្ថែមទៀត ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយយើងទាំងអស់គ្នានិងក្រុមគ្រួសារត្រូវត្រៀមខ្លួនបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ ដោយអញ្ជើញទៅបោះឆ្នោតជូនគណបក្សនយោបាយណាមួយ ដែលខ្លួនស្រឡាញ់ពេញចិត្ត គឺគណបក្សដែលនាំមកនូវសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិយើង ឲ្យមានការរីកចម្រើន ដែលការបោះឆ្នោតនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែ កក្កដា ឆ្នាំ២០២៣ ខាងមុខនេះឲ្យបានគ្រប់ៗគ្នា។

លោកអ៊ុត វណ្ណារីន មេឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ ធំ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ដែលបានឧបត្ថម្ភនិងបំពាក់ឯកសណ្ឋានជូនប្រជាការពារក្នុងឃុំត្រពាំងឬស្សី និងសូមគោរពជូនពរឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំង៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕