អាសូរពលរដ្ឋមានមុខរបរលក់ក្រឡាន ត្រូវរថយន្តបុកស្លាប់៤នាក់និងរងរបួស ធ្ងន់ស្រាលចំនួន៨នាក់ នៅស្រុកសាមគ្គីមានជ័យ

0

កំពង់ឆ្នាំង យ៉ាងហោចណាស់មនុស្ស៤នាក់បានស្លាប់នៅនឹងកន្លែងនិង ៨នាក់ទៀតរងរបួសធ្ងន់និងស្រាលនៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅវេលាម៉ោង ៤ និង ៣០នាទីទៀតភ្លឺ ឈានចូលថ្ងៃទី ៣ ខែ

ឧសភាឆ្នាំ ២០២៣ លើកំណាត់ផ្លូវជាតិលេខ ៥ ចន្លោះគីឡូម៉ែត្រលេខ ៤០និងលេខ ៤១ ស្ថិតនៅក្នុងភូមិជន្លាត់ដៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យខណៈដែលរថយន្តសណ្ដោងបុករម៉កម៉ូតូពីក្រោយ។

ប្រភពពីសមត្ថកិច្ចនគរបាលបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះទាំង ១២ នាក់ ដែលមានពីលំនៅភូមិបឹងកក់ ឃុំលង្វែកស្រុកកំពង់ត្រឡាច បានជិះរម៉កម៉ូតូមួយគ្រឿង ដើម្បីយកក្រឡានទៅលក់ ដូចសពដង ។

លុះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3G.21 03 សណ្ដោងរម៉កពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ 4B.20.68 បើពីជើងទៅត្បូងហើយក៏បានបុកនឹងរ៉ឺម៉កម៉ូតូជនរងគ្រោះពីក្រោយយ៉ាងពេញទំហឹង បណ្ដាលឲ្យមនុស្ស៤នាក់ស្លាប់យ៉ាងអាណោចអាធម្ម និង៨ នាក់ទៀតបានរងរបួសធ្ងន់ស្រាលនិងបានយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរាជធានីភ្នំពេញផងដែរ ។

ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ ។

សមត្ថកិច្ចបានទៅពិនិត្យនិងធ្វើការវាស់វែងនៅកន្លែងកើតហេតុ ហើយបាន ប្រគល់សពទៅក្រុមគ្រួសារជនរងគ្រោះដើម្បីធ្វើបុណ្យតាមប្រពៃណី។

ចំណែករថយន្តបង្កនិងរម៉កម៉ូតូត្រូវ
បានយកទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធីនៅពេលក្រោយ៕
សុខ គឹមសៀន