មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តកំពង់ធំ បានសហការ ជាមួយអាជ្ញាធរស្រុកសណ្តាន់ ចុះធ្វើការផ្សព្វផ្សាយច្បាប់(ស្តីពីការត្រួតពិនិត្យ គ្រឿងញៀន)

0

 

(កំពង់ធំ)÷ នៅសាលាឃុំងន ស្ថិតក្នុងឃុំងន ស្រុកសណ្តាន់ ខេត្តកំពង់ធំ ក្រោអធិបតីភាពលោក ផា ណង ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្ត និងលោក ស៊ិន វណ្ណវុឌ្ឍ អភិបាលស្រុកសណ្តាន់ ព្រមទាំងមានការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស រួមមាន មន្ត្រីសាលាស្រុក កងកម្លាំងទាំងបី អាជ្ញាធរមូលដ្ឋាន លោកនាយក នាយករងសាលា គ្រូបង្រៀន និងប្រជាការពារភូមិសរុបចំនួន១០២ នាក់ស្រី២០នាក់ បានចុះធ្វើការផ្សព្វផ្សាយច្បាប់(ស្តីពីការត្រួតពិនិត្យ គ្រឿងញៀន) នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ។

លោក ផា ណង បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានខិតខំក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយបានបង្កើតយន្តការជាច្រើនតាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ ដើម្បីបង្ក្រាបការជួញដូរ ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀន។ រហូតមកដល់ពេលនេះ គ្រឿងញៀនជាច្រើនករណីត្រូវបានបង្ក្រាប ដែលក្នុងនោះ បានធ្វើការឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងគ្រឿងញៀនជាច្រើនបញ្ជូនទៅតុលាការ។ តែទោះជាការបង្ក្រាបនេះធ្វើដូចភ្លៀងរលឹម ក៍ជនខិលខូចនៅតែរកគ្រប់វិធីសាស្ត្រ ដើម្បីនាំគ្រឿងញៀនចូល ហើយបានចែកចេញដល់តំបន់ដាច់ស្រយាល ដែលនេះមិនមែនជាការព្រួយបារម្ភរបស់ប្រជាពលរដ្ឋណាម្នាក់នោះទេ តែគឺជាការព្រួយបារម្ភរបស់យើងទាំងអស់គ្នា ចំពោះផលវិបាកនៃការប្រើប្រាស់ និងការចែកចាយគ្រឿងញៀនដែលនៅតែបន្តមាននៅក្នុងសហគមន៍របស់យើង។

លោកប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្ត បានបន្តទៀតថា ដើម្បីរួមចំណែកបង្ការ ការពារ ទប់ស្កាត់ការប្រើប្រាស់ ការចែកចាយ និងការជួញដូរគ្រឿងញៀននេះ មន្ទីរលើកយកច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀនមាន÷ ១. បង្ក្រាបការដាំដុះ ការផលិត ការជួញដូរ ការចរាចរ ការរក្សាទុក និងការចែកចាយនូវគ្រឿងញៀនខុសច្បាប់។
២. ទប់ស្កាត់ និងលុបបំបាត់ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់។ ៣. ព្យាបាល ស្ដារនីតិសម្បទា និងធ្វើសមាហរណកម្មអ្នកញៀនគ្រឿងញៀនចូលក្នុងសង្គមវិញ។ ៤. ការពារននិងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ។
៥. រួមចំណែកការពារសម្រាប់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសុវត្ថិភាពសង្គម។

ទន្ទឹមនិងនេះផងដែរលោក ផា ណង ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តបានជំរុញឲ្យអាជ្ញាធរ ភូមិ/ឃុំ យើងគ្មានគ្រឿងញៀន គឺកើតចេញពីការចូលរួមរបស់យើងទាំងអស់គ្នា ក្នុងការការពារ ទប់ស្កាត់ និងលុបបំបាត់ការចែកចាយ ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន។ ក្នុងពិធីផ្សព្វផ្សាយនេះមានអ្នកចូលរួមជាច្រើនបានលើកសំណួរយ៉ាងច្រើនផុលផុសដែលទាក់ទងទៅនឹងការចែកចាយ ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន ព្រមទាំងការដាក់ទណ្ឌកម្មចំពោះអ្នកប្រើប្រាស់ និងអ្នកចែកចាយគ្រឿងញៀន។

លោក ស៊ិន វណ្ណវុឌ្ឍ អភិបាលស្រុកសណ្តាន់បានមានប្រសាស៍ ផ្តាំផ្ញើ និងបិទពិធីថា ការផ្សព្វផ្សាយច្បាប់នេះគឺមានសារៈសំខាន់ណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋរបស់យើងក្នុងការសិក្សាស្វែងយល់ខ្លឹមសារ ដើម្បីរួមចំណែកអនុវត្តក៏ដូចជាការពារ និងទប់ស្កាត់ ការចែកចាយ ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀននៅក្នុងសហគមន៍របស់យើង។ បន្ទាប់ពីបានទទួលការផ្សព្វផ្សាយនេះទៅ សូមលោក លោកស្រីទាំងអស់យកខ្លឹមសារទាំងអស់នេះ ទៅផ្សព្វផ្សាយបន្តនៅក្នុងក្រុមគ្រួសារ និងក្នុងសហគមន៍របស់យើងបានយល់ដឹងទាំងអស់គ្នា ដើម្បីចៀសវាងការប្រើប្រាស់ និងការចែកចាយគ្រឿងញៀន ក៏ដូចជាទប់ស្កាត់កុំឲ្យមានគ្រឿងញៀននៅក្នុងភូមិ ឃុំរបស់យើង។
សូមឱ្យអាជ្ញាធរមានសមត្ថកិច្ចដែលពាក់ព័ន្ធនឹងការបង្ក្រាបគ្រឿងញៀន សូមមេត្តាខិតខំបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឲ្យភូមិឃុំរបស់យើងមានសន្តិសុខសុវត្ថិភាពល្អសម្រាប់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋយើង។