ឯកឧត្តមបណ្ឌិត ឃួន សុវណ្ណ បានផ្សព្វផ្សាយដល់បងប្អូននៅភូមិប្រាសាទ ឱ្យត្រៀមឯកសារសម្រាប់ទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣

0

(កំពង់ធំ)÷ ឯកឧត្តមបណ្ឌិត ឃួន សុវណ្ណ ឧត្តមទីប្រឹក្សាផ្ទាល់សម្ដេចព្រះមហាសង្ឃរាជ ទេព វង្ស លោក អ៊ុំ គឹមអាន សមាជិកក្រុមប្រឹក្សាស្រុកប្រាសាទសំបូរ លោកលោកស្រីអញ្ជើញមកពីមន្ទីរព័ត៌មានខេត្តកំពង់ធំ បានអញ្ជើញចូលរួមប្រជុំផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋរស់នៅភូមិប្រាសាទ ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ត្រៀមឯកសារឲ្យបានគ្រប់គ្រាន់ សម្រាប់យកទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឲ្យបានគ្រប់ៗគ្នា នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣។

លោក អ៊ុំ គឹមអាន សមាជិកក្រុមប្រឹក្សាស្រុកប្រាសាទសំបូរ បានក្រើនរំលឹកដល់ក្រុមការងារ រួមជាមួយថ្នាក់ដឹកនាំភូមិ និងឃុំ ត្រូវត្រួតពិនិត្យប្រជាពលរដ្ឋដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណ ឬមានអត្តសញ្ញាណប័ណ្ណហួសសុពលភាពមិនអាចទៅបោះឆ្នោតបាន  ដើម្បីបំពេញឯកសារជំនួសឲ្យអត្តសញ្ញាណប័ណ្ណ ធានាឱ្យបងប្អូនដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ក្នុងពេលឆាប់ៗខាងមុខនេះ ប្រកបដោយត្រឹមត្រូវ និងយុត្តិធម៌។

ឯកឧត្តមបណ្ឌិត ឃួន សុវណ្ណ ទីប្រឹក្សាផ្ទាល់សម្ដេចសង្ឃទេពវង្ស បានលើកឡើងពី ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនៅក្នុងឃុំឈូកទាំងមូល ដែលបានផ្សព្វផ្សាយ ការចូលរួមក្នុងសកម្មភាពផ្សេងៗដែលធ្វើឲ្យភូមិ/ឃុំមានការអភិវឌ្ឍរីកចម្រើនជាងលំដាប់ ពិសេសមានហេដ្ឋារចនាសម្ព័ន្ធជាច្រើន ធ្វើឲ្យកសិករប្រកបអាជីវកម្ម និងការធ្វើដំណើរប្រកបដោយសុវត្ថិភាព។ អ្វីដែលឲ្យព្រួយបារម្ភខ្លាំងជាងគេនោះគឺ បងប្អូនប្រជាពលរដ្ឋមួយចំនួនបានធ្វើចំណាកស្រុក ពីភូមិមួយទៅភូមិមួយ ពីស្រុកមួយទៅស្រុកមួយ និងឆ្លងប្រទេសដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ ធ្វើឲ្យការងារនៅក្នុងសហគមន៍ពុំសូវមានការរីកចម្រើននោះឡើយ។

ឯកឧត្តមបណ្ឌិត ឃួន សុវណ្ណ ក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋានទាំងអស់ចូលរួមផ្សព្វផ្សាយ ឲ្យបានទូលំទូលាយ ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ខាងមុខនេះដល់បងប្អូនប្រជាពលរដ្ឋឲ្យបានយល់កាន់តែច្បាស់ ពីការដឹកនាំប្រទេសឲ្យមានការរីកចម្រើនរហូតដល់សព្វថ្ងៃ។ ក្រុមការដឹកនាំដ៏ឆ្លាតវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានរក្សាសន្តិសុខ សន្តិភាព ជូនបងប្អូនប្រជាពលរដ្ឋ រស់នៅប្រកបដោយសុវត្ថិភាព ស្ថេរភាព និងមានការរីកចម្រើននៅហេដ្ឋារចនាសម្ព័ន្ធគ្រប់ទីកន្លែង។