សម្ដេចក្រឡាហោម ស ខេង បានផ្តាំផ្ញើដល់សិស្សនគរបាល​ជ័យលាភី​ ឱ្យយកចំណេះដឹង​ និងជំនាញទៅប្រើប្រាស់ឱ្យមានប្រយោជន៍ដល់អង្គភាព​ និងសង្គមជាតិ

0

កំពង់ចាម​:​ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តាំផ្ញើដល់សិស្សនគរបាលជ័យលាភីចំនួន១៨៥នាក់​ ឱ្យយកចំណេះដឹង​ និងជំនាញទៅប្រើប្រាស់ឱ្យមានប្រយោជន៍ដល់អង្គភាព​ និងសង្គមជាតិ។​ ការ​ថ្លែង​បែប​នេះ​ក្នុងពិធីសម្ពោធសមិទ្ធផល​ និងបិទវគ្គបណ្តុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី១ នៅសាលានគរបាលជាតិភូមិភាគ២ ខេត្តកំពង់ចាម​ នាព្រឹកថ្ងៃទី​៨​ ខែមិថុនា​ ឆ្នាំ​២០២៣​ ក្រោម​វត្តមាន​ ឯកឧត្តម ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា ។​

ថ្លែង​ក្នុង​ពិធី​​នោះ​ដែរ​ សម្តេច​ក្រឡាហោម​ ស​ ខេង​ បានលើកឡើងថា ការងារបណ្តុះបណ្តាលមន្ត្រីនគរបាលជាតិគឺ ជាការងារចាំបាច់ ដែលត្រូវតែបន្តធ្វើជាប់ជាប្រចាំ ដើម្បីធ្វើឱ្យកងកម្លាំងនគរបាលជាតិមានចំណេះដឹងគ្រប់គ្រាន់ លើផ្នែកទ្រឹស្តី បទពិសោធជំនាញវិជ្ជាជីវៈ និងអាកប្បកិរិយាល្អ ក្នុងការរួមចំណែករក្សាឱ្យបានរឹងមាំនូវខឿន សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍជាតិលើគ្រប់ វិស័យ ព្រមទាំងផ្តល់សេវាសាធារណៈបានល្អ ក្នុងការបម្រើប្រជាពលរដ្ឋ។​

សម្តេច​ក្រឡាហោម​ បាន​ថ្លែងកោតសរសើរចំពោះវឌ្ឍនភាពយ៉ាងឆាប់រហ័ស គួរឱ្យកត់សម្គាល់របស់បណ្ឌិត្យសភានគរបាលកម្ពុជា និងសាលានគរបាលភូមិភាគ​នានា​ ការវិវឌ្ឍរីកចម្រើននេះ បានឆ្លើយតបនឹងតម្រូវការនៃការបណ្តុះបណ្តាលនគរបាលជាតិ ក្នុងយុគសម័យ នៃសន្តិភាពនិងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាស់វៃបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។

ជាមួយគ្នានោះ​ សម្ដេចក្រឡាហោម​ ក៏បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់​ ដែលបាន ចូលរួមចំណែកជាមួយក្រសួងមហាផ្ទៃ ក្នុងការអភិវឌ្ឍបណ្ឌិត្យសភានគរបាល់កម្ពុជា​ និងសាលានគរបាលជាតិភូមិភាគ​ ដែល​បាន​ដាក់សម្ពោធ រួមមាន ផ្លូវបេតុងប្រវែង២,០៣០ម៉ែត្រ ប្រព័ន្ធលូបង្ហូរទឹកប្រវែង៥៥០ម៉ែត្រ គំនូសនិងផ្លាកសញ្ញាចរាចរ ដែលជាអំណោយរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អគារស្នាក់នៅ១ខ្នង ទូដាក់ សម្ភារៈចំនួន១៦០ទូ គ្រែដេក២ជាន់ចំនួន៨០គ្រែ ដែលជាអំណោយរបស់ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ អគារស្នាក់នៅ១ខ្នង ទូដាក់សម្ភារៈចំនួន១៦០ទូ គ្រែដេក២ជាន់ចំនួន៨០គ្រែ ដែលជា អំណោយរបស់ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង តារាងបាល់ទាត់ សួនច្បារ សួនរុក្ខជាតិ រុក្ខវិថី​ និង​សម្ភារៈគាំទ្រមួយចំនួនទៀត ដែលជាអំណោយរបស់សប្បុរសជននានា​ ៕