ផ្លូវលំ១ខ្សែស្ថិតក្នុងភូមិសាស្ត្រក្រុងកែប ត្រូវបានបើកការដ្ឋានស្ថាបនាជាផ្លូវបេតុងនៅព្រឹកនេះ

0

ខេត្តកែប៖ ផ្លូវលំក្នុងក្រុងមួយខ្សែដែលរងការខូចខាតយ៉ាងធ្ងន់នោះ ត្រូវបានរដ្ឋបាលក្រុងកែបជូសជុលកែលំអអោយទៅជាផ្លូវបេតុង ជាមួយគ្នានេះប្រជាពលរដ្ឋមូលដ្ឋានសំដែងការពេញចិត្ត ចំពោះការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរគ្រប់ជាន់ថ្នាក់។

ផ្លូវបេតុងមួយខ្សែរបស់មូលនិធិក្រុងកែប ដែលមានប្រវែងជាង៧០០ម៉ែត្រ ទទឹង ៥ម៉ែត្រ ខាងលើ ស្ថិតនៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប  ត្រូវបានបើកការដ្ឋានសាងសង់នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប។

ប្រជាពលរដ្ឋលោក ញឹម សាន់ ជាចាស់ទុំក្នុងភូមិអូក្រសារបានបញ្ជាក់ថា ផ្លូវមួយខ្សែនេះបង្កការលំបាករាល់ឆ្នាំ ជាពិសេសរដូវវស្សា តែងលិចទឹកជាប្រចាំ និងមានភក់ជ្រាំ កន្លងទៅអាជ្ញាធរធ្លាប់បានជួយជួសជុលជាប្រចាំដែរ តែមិនអាចធន់ជាមួយការធ្វើចរាចរណ៍រាល់ព្រឹកល្ងាចបានទេ រាប់ទាំងការដឹកជញ្ជូនទំនិញ និងកសិផលរបស់ពលរដ្ឋផងដែរ។
ពលរដ្ឋដដែលបានសំដែងការពេញចិត្តចំពោះសមិទ្ទផលថ្មីនេះ ពិតណាស់នឹងជួយសម្រូលដល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវមួយខ្សែនេះ។

លោក សេង សឿន ជាពលរដ្ឋក្នុងភូមិបានបញ្ជាក់ដែរថា ដោយសារការរក្សាបាននួវសន្តិភាពទើប ប្រទេសយើងមានការអភិវឌ្ឍន៍គ្រប់ទីកន្លែង ហើយក៏ដោយសារសន្តិភាព ទើបអ្នកភូមិរបស់លោក អាចមានផ្លូវបេតុងល្អប្រើក្នុងរយៈពេលដ៏ខ្លីខាងមុខ។

ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានថ្លែងថា ដោយកត្តាសន្តិភាព ទើបថ្នាក់ដឹកនាំខេត្ត មានឱកាសអភិវឌ្ឍន៍មូលដ្ឋាន ហើយជាក់ស្តែងផ្លូវ១ខ្សែនេះ គឺពិតជាបានផ្តល់នូវអត្ថប្រយោជន៍យ៉ាងខ្លាំង សម្រាប់បម្រើដល់ជីវភាពរស់នៅ ការធ្វើដំណើរប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសសម្រួលដល់ការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ ព្រោះយើងដឹងថា ភូមិអូរក្រសារនិងភូមិជាប់នេះ ជាជង្រុកផលិតផលកសិកម្មចម្រុះមួយដែររបស់ខេត្តកែប។

ឯកឧត្តម​បណ្ឌិត​ បញ្ជាក់បន្ថែមថា ដើម្បីបន្តរក្សាបាននូវសុខសន្តិភាព​ និងអភិវឌ្ឍន៍បែបនេះបន្តទៀត សូមបងប្អូនប្រជាពលរដ្ឋគ្រប់រូបអញ្ជើញចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ អោយបានគ្រប់ៗគ្នា ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ហើយបោះអោយគណបក្សណាដែលបងប្អូនគិតថានាំផលប្រយោជន៍ជូនបងប្អូនពិតប្រាកដ៕ សេង ណារិទ្ធ