អភិបាលខេត្តកំពត សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ក្នុងស្រុកកំពង់ត្រាច

0

(ខេត្តកំពត)៖ នៅព្រឹកថ្ងៃទី១៦ ខែ មិថុនាឆ្នាំ២០២៣ ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និង ឯកឧត្តម ញ៉ូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ មកពីឃុំចំនួន១០ ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត រួមមាន ឃុំប្រាសាទភ្នំខ្យង ឃុំបឹងសាលាខាងជើង ឃុំបឹងសាលាខាងត្បូង ឃុំអង្គសុរភី ឃុំព្រែកក្រឹស ឃុំឫស្សីខាងលិច ឃុំឫស្សីស្រុកខាងកើត ឃុំភ្នំប្រាសាទ ឃុំស្វាយទងខាងជើង និងឃុំស្វាយទងខាងត្បូង។

មានប្រសាសន៍សំណេះសំណាលនាព្រឹកនេះ ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្ត បានពាំនាំមកនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្តេចទាំងទ្វេតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប។ លោកបានបញ្ជាក់ទៀតថា ប្រទេសមានសុខសន្តិភាពពេញបរិបូរណ៍គឺបានមកពីសម្តេចតេជោ យកជីវិតទៅប្តូរ ដូច្នេះហើយសូមបងប្អូន និងគ្រួសាររបស់យើងចូលរួមថែរក្សានូវសុខសន្តិភាពដ៏មានតម្លៃនេះឲ្យបានគង់វង្ស ហើយត្រូវបោះឆ្នោតជូនគណ:បក្សប្រជាជនកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដែលមានលេខរៀងទី១៨។

ក្នុងឱកាសនោះ ឯកឧត្តម បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ លោកតា លោកយាយ ក្នុងនាមជាគ្រួសារខ្មែរតែមួយ ដែលមានប្រពៃណីដ៏ល្អផូរផង់ សូមធ្វើយ៉ាងណាប្រកាន់ខ្ជាប់នូវសុជីវធម៌ល្អ និងជាពលរដ្ឋល្អ ដោយប្រកាន់យកនូវមុខរបរសុច្ចរិច ដើម្បីលើកកម្ពស់កំរិតជីវភាពរបស់យើងប្រចាំថ្ងៃ ក៏ដូចជាការលើកកម្ពស់កិត្តិយសសង្គមជាតិរបស់យើងទាំងមូលផងដែរ។

សូមជម្រាបដែរថា ពិធីសំណេះសំណាលនេះ បានប្រព្រឹត្តឡើង ស្ថិតក្នុងបរិវេណវត្តចំនួន២ នៃស្រុកកំពង់ត្រាច ខេត្តកំពត គឺវត្តអង្គជុំ ព្រៃទប់ និងវត្តកំពូលមាស ដោយមានប្រជាពលរដ្ឋ ចាស់ ក្មេង មកចូលរួម រាប់ពាន់នាក់៕ សេង ណារិទ្ធ