សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ សមិទ្ធិផល និងស្នាដៃរបស់គណបក្សប្រជាជនកម្ពុជា គ្មានគណបក្សណា អាចប្រៀបផ្ទឹមបាន

0

ខេត្តស្វាយរៀង៖  សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្វាយរៀង បានជួបសំណេះសំណាលជាមួយសមាជិក សមាជិការគណបក្ស ប្រជាជនកម្ពុជាសង្កាត់ស្វាយរៀងក្រុងស្វាយរៀង ខេត្តស្វាយរៀង ចំនួន ជិត ៣.០០០នាក់ នាព្រឹកថ្ងៃសៅរ៍ ១៤រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣នេះ។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានពាំនាំនូវ ការផ្ដាំផ្ញើ សួរសុខទុក្ខ ប្រកបដោយ ការនឹករឭក និងមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ របស់ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា មានសម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំដទៃទៀត នៃគណបក្សប្រជាជនកម្ពុជា ជូនចំពោះ សមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា ក្រុងស្វាយរៀងទាំងអស់ សូមប្រកបដោយសេចក្តីសុខ នឹង ទទួលបានជោគជ័យ ក្នុងការបោះឆ្នោត នាពេលខាងមុខនេះ។
សម្តេចកិត្តិសង្គហបណ្ឌិត បានបញ្ជាក់ទៀតថា គណបក្សប្រជាជនកម្ពុជាបានកសាងនូវសមិទ្ធិផល និងស្នាដៃជាច្រើននៅទូទាំងប្រទេស ក្នុងនោះ ខេត្តស្វាយរៀងយើង ក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ តាមរយ: ការកើនឡើងនូវហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ខ្វាត់ខ្វែង សាលារៀន មន្ទីរពេទ្យ សាលារៀន ស្ពានឆ្លងកាត់ទន្លេ តំបន់សេដ្ឋកិច្ចពិសេស និងផ្លូវល្បឿនលើ ភ្នំពេញ-បាវិត ជាដើម ។ល។ ទាំងនេះជាមោទនភាព របស់គណបក្សប្រជាជនកម្ពុជា ដែលគ្មានគណបក្សណា អាចប្រៀបផ្ទឹម បាននាំយកសុខសន្តិភាពនេះ ជូនប្រជាពលរដ្ឋបានទេ ហើយក៏គ្មានគណបក្សណា ដែលមានសមត្ថភាព ក្នុងការនាំមកនូវ ការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម លើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពល ដូចគណបក្សប្រជាជនកម្ពុជា បាននោះទេ។ ជាការពិត តាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា គឺរបបនយោបាយ ដែលយើងប្រកាន់យក សព្វថ្ងៃនេះ គឺជារបបនយោបាយ ប្រជាធិបតេយ្យ សេរីពហុបក្ស មានន័យថា ជារបប ដែលយក ប្រជាពលរដ្ឋជាធំ ជាអធិបតី អំណាចទាំងឡាយ គឺចេញមកពីប្រពលរដ្ឋ។ ដូច្នេះសូមឲ្យ សមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជាយើង ទាំងអស់ ចូលរួមបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ជាបន្តទៀត ព្រោះថា គណបក្សប្រជាជនកម្ពុជា កើតចេញពីប្រជាជន ដឹងបម្រើប្រជាពលរដ្ឋពិតៗ។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានអំពាវនាវឲ្យសមាជិក សមាជិកា ទាំងអស់ត្រូវត្រៀុមលក្ខណ:សម្បត្តិឲ្យបានគ្រប់គ្រាន់សម្រាប់បំពេញកាតាព្វកិច្ចជាពលរដ្ឋក្នុងការចូលរួមក្នុងការបោះឆ្នោតតំណាងរាស្ត្រអាណត្តិទី ៧ នាពេលខាងមុខនេះ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាការអភិវឌ្ឍន៍ និងរក្សាការងាររបស់បងប្អូនទាំងអស់គ្នា៕ដោយ គឹមសេង