រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជំរុញឱ្យលោកគ្រូអ្នកគ្រូអាណាព្យាបាលសិស្ស និងសិស្សានុសិស្សទាំងអស់ ត្រូវគោរពច្បាប់ចរាចរណ៍ផ្លូងគោក 

0

(កំពង់ធំ)÷ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា នៅតាមសាលារៀនទាំងអស់ក្នុងខេត្តកំពង់ធំ ត្រូវដាក់បញ្ចូលការកំណត់អំពីការគោរពច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសការកំណត់អំពីការពាក់មួកសុវត្ថិភាពក្នុងបទបញ្ជាផ្ទៃក្នុង របស់សាលារៀន និងដាក់វិន័យឲ្យបានតឹងរឹងបំផុតចំពោះសិស្សដែលមិនអនុវត្តតាម។

ពិធីផ្ដល់អំណោយមួកសុវត្ថិភាពដល់សិស្សានុសិស្សនិងលោកគ្រូអ្នកគ្រូ នៅវិទ្យាល័យកំពង់ធំ វិទ្យាល័យស្ទឹងសែន និងវិទ្យាល័យហ៊ុនសែនតាំងគោក មានការអញ្ជើញចូលរួមពីលោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណកា និងដឹកជញ្ជូន ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំប្រទេសកម្ពុជា លោកឆាំ ប៊ុនថេត នាយកផ្នែកបណ្តុះបណ្តាល ក្រុមហ៊ុន ព្រូដិនសលកម្ពុជា មន្ត្រីរាជការ អាណាព្យាបាលសិស្ស និងសិស្សានុសិស្ស យ៉ាងច្រើនកុះករ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ នៅបរិវេណវិទ្យាល័យកំពង់ធំ។

ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ បានថ្លែងថាដើម្បីឆ្លើយតបទៅនឹងស្ថានភាពអវិជ្ជមានបែបនេះ លេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត បានសហការជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ ចុះផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក នៅតាមទីតាំងសំខាន់ៗ ជាពិសេសនៅតាមទីប្រជុំជន សាលារៀន និងវត្តអារាម ជាដើម។ ពិតណាស់ ដើម្បីឱ្យស្ថានភាពសុវត្ថិភាពចរាចរណ៍កាន់តែល្អប្រសើរ ទាមទារចាំបាច់នូវការចូលរួមពីអ្នកប្រើប្រាស់យានយន្តលើដងផ្លូវ តាមរយៈការស្វែងយល់ដឹងអំពី ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក គឺការពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវគ្រប់ពេលធ្វើដំណើរ ។

ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា លោកគ្រូអ្នកគ្រូ គណៈគ្រប់គ្រងសាលា និងមាតាបិតាសិស្ស បង្កើនការអប់រំផ្សព្វផ្សាយ និងពង្រឹងការអនុវត្តនូវឥរិយាបថប្រកបដោយសុវត្ថិភាពពេលធ្វើដំណើរ(តាមម៉ូតូ កង់ និងដើរដោយថ្មើរជើង) របស់សិស្សានុសិស្ស។ ជំរុញឱ្យពួកគាត់ដែលជាទ្រព្យដ៏មានតម្លៃរបស់គ្រួសារ និងសង្គមជាតិ ដែលយើងស្រឡាញ់ស្មើនឹងជីវិតត្រូវតែគោរពវិធានការសុវត្ថិភាពចរាចរណ៍ នឹងពាក់មួកសុវត្ថិភាពគ្រប់វេលាដែលពួកគេធ្វើដំណើរតាមមូ៉តូឬកង និងគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន។ មាតាបិតា អាណាព្យាបាលសិស្ស ជំរុញឱ្យកូនប្រតិបត្តិតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានគឺ(ពាក់មួកសុវត្ថិភាព) ដូចដែលចង់ឱ្យកូនៗស្តាប់ ប្រតិបត្តិតាមដំបូន្មាន និងការប្រៀនប្រដៅរបស់ខ្លួន។

ឯកឧត្តមបានបន្តទៀតថា ការបង្កើនចំនួនម៉ោងសម្រាប់ការអប់រំផ្សព្វផ្សាយដល់សិស្សានុសិស្ស សូមក្រសួងអប់រំ យុវជន និងកីឡា កំណត់ឱ្យមានការពាក់មួកសុវត្ថិភាពទៅជាផ្នែកមួយនៃបទបញ្ជាផ្ទៃក្នុងសម្រាប់សិស្សពេលធ្វើដំណើរមកសាលារៀន ព្រោះច្បាប់បានកំណត់ហើយថាកុមារមានអាយុចាប់ពី៣ឆ្នាំ ធ្វើដំណើរតាមម៉ូតូ(មកសាលារៀន) ត្រូវតែពាក់មួកសុវត្ថិភាព។

ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍លើកទឹកចិត្តដល់ម្ចាស់ជំនួយដែលបានផ្ដល់មួកសុវត្ថិភាពដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ បានផ្សព្វផ្សាយអប់រំឱ្យបានទូលំទូលាយអំពីសុវត្ថិភាពចរាចរណ៍ ដល់សិស្សានុសិស្សកម្រិតមធ្យមសិក្សានៅតាមសាលារៀនគោលដៅ ផ្តល់មួកសុវត្ថិភាពដែលមានគុណភាពល្អដល់សិស្សានុសិស្សនៅសាលារៀន អនុវត្តយុទ្ធនាការទំនាក់ទំនងសាធារណៈ ដើម្បីបង្កើនការយល់ដឹងដល់សហគមន៍ និងសាធារណៈជន។

សូមបញ្ជាក់ថា ពិធីផ្ដល់អំណោយមួកសុវត្ថិភាពដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូនៅវិទ្យាល័យកំពង់ធំវិទ្យាល័យស្ទឹងសែន និងវិទ្យាល័យតាំងគោកមានចំនួន២.៥១៦នាក់ និងផ្ដល់មួកសុវត្ថិភាពជូនចំនួន២.៥១៦មួក ដែលជាអំណោយមូលនិធិក្រុមហ៊ុនព្រូដិនសល ក្រុមហ៊ុនព្រូដិនសលកម្ពុជា និងក្រុមហ៊ុន FIA ។