អគារស្នាក់ការគណៈកម្មាធិការបក្សមូលដ្ឋានឃុំស្រអែម ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមការចំណាយអស់ថវិកាជាង១០ ម៉ឺនដុល្លារសហរដ្ឋអាមេរិក.!

0

ព្រះវិហារ៖ អគារស្នាក់ការ គណៈកម្មាធិការបក្សមូលដ្ឋានឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃអាទិត្យ ទី១៨ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកទេសរដ្ឋមន្ត្រី មាស សុភា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសមាគមអតីតយុទ្ធជនកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តព្រះវិហារ ។

លោកទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែងបញ្ជាក់ថា អគារស្នាក់ការ គណៈកម្មាធិការបក្សមូលដ្ឋានឃុំស្រអែម បានចាប់ផ្តើមដំណើរការសាងសង់ឡើង នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្រោមការផ្តួចផ្តើមកសាងដោយលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អតីតប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ ព្រមទាំងឥស្សរជនជាច្រើនរូបទៀត។ ធ្វើឲ្យដំណើរការសាងសង់រួចរាល់ជាស្ថាពរ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រោមទំហំទឹកប្រាក់ចំនួន ១០.៨២៦០ ដុល្លារសហរដ្ឋអាមេរិក (ដប់ម៉ឺន ប្រាំបីពាន់ ពីរយហុកសិបដុល្លា) ។

លោកទេសរដ្ឋមន្ត្រី បានថ្លែងទៀតថា បច្ចុប្បន្នខេត្តព្រះវិហារ មានអគារស្នាក់ការគណៈកម្មាធិការបក្សមូលដ្ឋានឃុំ ធ្វើអំពីថ្ម ដំបូលប្រក់ក្បឿង ថ្មីចំនួន ២៩អគារ លើ ៥១ ឃុំសង្កាត់ ។ ជាក់ស្តែងនៅក្នុង ស្រុកជាំក្សាន្ត យើងមាន ៨ឃុំ ដោយយើងបានសាងសង់អាគារថ្ម ដំបូលប្រក់ក្បឿង ថ្មីបានចំនួន ៥អគារ ហើយនៅសល់ចំនួន ៣ឃុំទៀត យើងក៏បានសាងសង់អំពីឈើ ដំបូលប្រក់ដែកស័ង្កសី ឬប្រូស៊ីម៉ង់ ។

ជាមួយគ្នានោះ លោកទេសរដ្ឋមន្ត្រី មាស សុភា បានអំពាវនាវឲ្យចូលរួមថែរក្សាសុខសន្តិភាពដែលមានសព្វថ្ងៃក្រោមការដឹកនាំដ៍ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ទើបធ្វើឱ្យប្រទេសជាតិយើង មានការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ តាំងពីទីប្រជុំជនរហូតដល់តំបន់ដាច់ស្រយ៉ាល ។

សូមជំរាបថា៖ នៅក្នុងពិធីសម្ពោធអគារស្នាក់ការគណៈកម្មាធិការគណបក្សមូលដ្ឋានឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក៏មានការប្រកាសបញ្ចូលសមាជិក សមាជិកាបក្សថ្មី សរុបចំនួន ២០១រូប ក្នុងនោះមកពីគណបក្សភ្លើងទៀន ចំនួន ៦រូប និងមកពីគណបក្សខ្មែររួបរួមជាតិ ចំនួន ៧រូបផងដែរ៕