ឯកឧត្តម ព្រឹម រដ្ឋា បើកការដ្ឋានសាងសង់ផ្លូវក្រាលក្រួសក្រហមជួសជុលបន្ទាន់ប្រវែង១២០០ម៉ែត្រ របស់ក្រសួងអភិវឌ្ឍន៍ជនបទ អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ

0

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ បានអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវក្រាលក្រួសក្រហមជួសជុលបន្ទាន់ប្រវែង១.២០០ម៉ែត្រ របស់ក្រសួងអភិវឌ្ឍន៍ជនបទអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ ស្ថិតនៅភូមិលឹក និងភូមិប្រាសាទ ឃុំព្រះដំរី ស្រុកស្ទោង ខេត្តកំពង់ធំ។

លោក តាន់ វាសនា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ឱ្យដឹងថា ការជួសជុលបន្ទាន់សាងសង់ផ្លូវក្រាលក្រួសក្រហមនៅពេលនេះ គឺជាការឆ្លើយតបជាមួយនឹងតម្រូវការជាក់ស្ដែងរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសដើម្បីសម្រួលចរាចរណ៍នៅក្នុងមូលដ្ឋានក្នុងឃុំព្រះដំរី ដើម្បីឱ្យមានការប្រសើរឡើងជាងមុន។

ជាមួយនេះផងដែរឯកឧត្តម ព្រឹម រដ្ឋា ក៏បានណែនាំដល់ក្រុមហ៊ុនដែលជាអ្នកទទួលការសាងសង់ គឺក្រុមហ៊ុន តាន់ ម៉េងហុង ខុនស្ត្រាក់សិន ត្រូវធ្វើការជួសជុលស្ថាបនាផ្លូវនេះឱ្យបានត្រឹមត្រូវទៅតាមបទដ្ឋានបច្ចេកទេស កិច្ចសន្យា ដើម្បីធានាបាននូវគុណភាព និងប្រើប្រាស់បានយូរអង្វែងឱ្យប្រជាពលរដ្ឋគាត់ធ្វើដំណើរឱ្យបានកាន់តែងាយស្រួលជាងមុន ក្នុងការដឹកជញ្ជូនកសិផលប្រកបដោយសុវត្ថិភាព។

លើសពីនេះឯកឧត្តមអភិបាលរងខេត្តកំពង់ធំ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ត្រូវនាំគ្នា ចូលរួមថែរក្សាផ្លូវនេះគឺ មិនត្រូវរំលោភចំណីផ្លូវ ឬចាក់ដីឱ្យខ្ពស់ជាងផ្លូវដែលនាំឱ្យមានការកកស្ទះឬដក់ទឹកនៅលើផ្លូវ ដែលជាមូលហេតុចម្បងនាំមានការខូចខាតផ្លូវមុនការកំណត់។

ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ ក៏បានណែនាំឱ្យអាជ្ញាធរមូលដ្ឋាន ត្រូវធ្វើការណែនាំដល់ប្រជាពលរដ្ឋរបស់ខ្លួនក្នុងការចូលរួមថែរក្សាបរិស្ថាន នៅក្នុងមូលដ្ឋាន ក៏ដូចជាលើកកម្ពស់សុខភាពប្រជាពលរដ្ឋនៅក្នុងឃុំឱ្យបានកាន់តែប្រសើរឡើងថែមទៀត។ ជាចុងក្រោយ ឯកឧត្តម ព្រឹម រដ្ឋា ភិបាលរងខេត្តកំពង់ធំ ក៏បានណែនាំដល់មន្ទីរអភិវឌ្ឍន៍ជនបទក៏ដូចជារដ្ឋបាលឃុំព្រះដំរី ត្រូវធ្វើការតាមដានរាល់សកម្មភាពសាងសង់របស់ក្រុមហ៊ុនខាងលើ ដើម្បីឱ្យសំណងធានាបាននូវតាមបទដ្ឋានបច្ចេកទេសកិច្ចសន្យានិងទាន់ពេលវេលា។