រដ្ឋបាលក្រុងព្រះសីហនុ ចុះណែនាំឲ្យអាជីវករលក់ដូរឱ្យធ្វើការរុះរើចេញឱ្យអស់រាល់សំណង់ណាដែលបង្ករលប៉ះពាល់សណ្ដាប់ធ្នាប់លើដងផ្លូវសាធារណៈ

0

ខេត្តព្រះសីហនុ៖ដោយមើលឃើញទីតាំងអាជីវករដែលលក់ដូរនៅលើដងផ្លូវសាធារណៈមួយចំនួនធំធ្វើឲ្យប៉ះពាល់ដល់សោភ័ណភាពទីក្រុងព្រោះតែអាជីវករលក់ដូរបានសាងសង់តូប ប្រក់តង់ ក៏ដូចជាការសាងសង់សំយាប តូបលយ លើ ផ្លូវសាធារណៈ មិនមានសណ្ដាប់ធ្នាប់ បំពុលបរិស្ថានធ្វើឱ្យបាត់បង់សោភ័ណ្ឌភាពទីក្រុងដូចនេះ រដ្ឋបាល ក្រុងព្រះសីហនុបានតម្រូវឱ្យធ្វើការរុះរើ ចេញឱ្យអស់ដោយគ្មានការតវ៉ា។

រដ្ឋបាលក្រុងព្រះសីហនុបានបញ្ជាក់ថាការចុះរៀបចំសណ្តាប់ធ្នាប់នាពេលនេះគឺក្នុងគោលបំណងឲ្យអាជីវករលក់ដូរនៅលើដងផ្លូវសាធារណៈត្រូវចូលរួមសហការជាមួយអាជ្ញាធរដោយតម្រូវឱ្យ ធ្វើការរុះរើចេញឱ្យអស់ រាល់ សំណង់ណាដែលបានសាងសង់ លយលើផ្លូវសាធារណៈក៏ដូជា ដីចំណីផ្លូវ  ក្នុងករណី អាជីវករលក់ដូរ មិន សហការជាមួយរដ្ឋបាលក្រុង  ក្រុមការងារនិងធ្វើការរុះរើចេញ ព្រមទាំងដកហូតសំភារៈទាំងអស់និង មិន ទទួលខុសត្រូវលើការខូចខាតបាត់បង់នោះឡើយ ។

ជាមួយគ្នានេះ ក្រុមការងាររដ្ឋបាលក្រុង ក៏បានធ្វើការលាងសំអាតលើផ្លូវសាធារណៈដែលអាជីវករ លក់ដូរ លើដងផ្លូវនាពេលកន្លងមក បានបង្ហូរទឹកស្អុយ រួមទាំងសំរាមកាកសំណល់ជាច្រើននៅលើផ្លូវសាធារណៈ និងលើកផ្លូវក្រានីតជាពិសេស ជុំវិញតំបន់បរិវេណរង្វង់មួលរូបសំណាកតោ ពីរតែម្តង ធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន និងសោភ័ណ្ឌភាពទីក្រុង។

សូមបញ្ជាក់ថា៖ខេត្តព្រះសីហនុត្រូវបានរាជរដ្ឋាភិបាលប្រសិទ្ធនាមជា”តារារះ ទិសនិរតី”ដោយបច្ចុប្បន្ន ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំខេត្តបានធ្វើការអភិវឌ្ឍន៍រីកចំរើនស្ទើរគ្រប់វិស័យជាពិសេស វិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ .ស្ពាន រួមនិងសំណង់អាគារខ្ពស់ៗដែលពីមុនមកមិនធ្លាប់មាន និង មានឆ្នេរ សមុទ្រល្អស្អាត សមជាខេត្តទេសចរណ៍មួយក្នុងប៉ូលសេដ្ឋកិច្ច នៃប្រទេសកម្ពុជា៕

នាគសមុទ្រ