ថ្នាក់ដឹកនាំ​ខេត្តកំពង់ចាម ប្រជុំ​ត្រៀម​រៀបចំពិធីសន្និបាត បូកសរុប លទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤

0

កំពង់ចាម​ៈ​ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំដើម្បីរៀបចំពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និងលើកទិសដៅឆ្នាំ ២០២៤។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៣ ខែធ្នូ​ ឆ្នាំ២០២៣ នៅសាលប្រជុំតូចសាលាខេត្តកំពង់ចាម ដោយមានការចូលរួម ពីលោកនាយក នាយករងរដ្ឋបាលសាលាខេត្ត និងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តផងដែរ ។

លោក ឃុន ប្រុស នាយករដ្ឋបាលសាលាខេត្តកំពង់ចាម​ បានឱ្យដឹងថា​ រដ្ឋបាលខេត្តកំពង់ចាម និងរៀបចំពិធីសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុក ជាអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ។
លោកនាយករដ្ឋបាល បានឲ្យដឹងទៀតថា ពិធីសន្និបាតនោះ និងប្រារព្ធធ្វើឡើងនៅសាលសន្និសីទសាលាខេត្តកំពង់ចាម នាថ្ងៃទី ២៥-២៦ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធប្រមាណជាជាង ៦០០នាក់ ។

ក្នុងឱកាសនោះដែរ​ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ ណែនាំដល់អង្គភាពមន្ទីរព័ត៌មានខេត្តកំពង់ចាម សូមឱ្យរៀបចំវីដេអូឃ្លីប សមិទ្ធផលប្រចាំឆ្នាំ២០២៣ ដែលត្រូវចាក់ផ្សាយ ធ្វើយ៉ាងណាឱ្យខ្លីខ្លឹម មិនឱ្យលើសពី ១៥នាទី​ ។
ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ណែនាំ ដល់អ្នករៀបចំកម្មវិធី ធ្វើយ៉ាងណា ឱ្យពិធីនោះមានសណ្ដាប់ធ្នាប់ និងដំណើរការដោយរលូនផងដែរ ៕