អភិបាលខេត្តត្បូងឃ្មុំ នាំយកអំណោយកាកបាទក្រហម ចែកជូនពលរដ្ឋរស់នៅជាមួយមេរោគអេដសន៍ ចំនួន១០០នាក់

0

ត្បូងឃ្មុំ: ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់ សូម បន្តផ្ញើសារជ្រួតជ្រាបឲ្យដល់ពលរដ្ឋ ពាក់ព័ន្ធនឹងការការពារខ្លួនពីជំងឺអេដសន៍ ខណៈបច្ចុប្បន្ននេះ អ្នកផ្ទុកមេរោគអេដន៍នៅកម្ពុជា ភាគច្រើនជាយុវជន អាយុចន្លោះពី១៥ទៅ២៤ឆ្នាំ ថ្លែង បែប នេះ ក្នុង ឱកាស ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ២០២៣ ដែល បាន ធ្វើ ឡើង នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នៅមន្ទីរពេទ្យបង្អែកព្រះនរោត្តមព្រះសីហនុ ស្ថិតក្នុងក្រុងសួង ។

ក្នុងឳកាសនោះ ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានលើកឡើង នូវការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សម្តេចបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះវិស័យសុខាភិបាល ពិសេសសុខុមាលភាពប្រជាពលរដ្ឋ ដោយបានពង្រឹងមណ្ឌលសុុខភាពទាំងអស់នៅទូទាំងប្រទេស តាមយៈការផ្តល់សម្ភារៈបរិក្ខារ ផ្តល់ថ្នាំសង្កូវ និងផ្តល់លក្ខ័ណ្ឌអទិភាពផ្សេងៗជាច្រើនទៀតដល់លោកគ្រូអ្នកគ្រូពេទ្យ ជាពិសេសការគិតគូរគាំពារសង្គម ក្នុងនោះពលរដ្ឋមានជីវភាពក្រីក្រលំបាក បានផ្តល់ជូននៅប័ណ្ណក្រីក្រ ដើម្បីពិនិត្យព្យាបាលដោយមិនគិតថ្លៃ អស់លុយកាក់នោះឡើយ។

បន្ថែមពីនោះ ឯកឧត្តម អភិបាលខេត្ត បានអំពាវនាវជាថ្មីម្តងទៀត សូមកុំរើសអើងអ្នកផ្ទុកមេរោគអេដសន៍ និងរួមគ្នាលុបបំបាត់ការឆ្លងបន្ត ដោយបានជំរុញការផ្សព្វផ្សាយបន្តទៀតឲ្យមានការយល់ដឹងកាន់តែខ្ពស់ ពោលគឺមិនត្រូវរើសអើងអ្នកផ្ទុក ឬអ្នកកើតមេរោគអេដស៍ឡើយ ត្រូវលើកទឹកចិត្តពួកគាត់ជានិច្ច។

ជាមួយគ្នានោះ គណៈអធិបតី ក៏ បានចែកអំណោយសាខាកាកបាទក្រហមខេត្ត ជូនបងប្អូនអ្នកផ្ទុក និងរស់ជាមួយមេរោគអេដសន៍ជំងឺអេដសន៍ ចំនួន១០០នាក់ ក្នុងម្នាក់អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកសុីអុីវ១យួរ ត្រីខ១យួរ ប្រេងឆា១ដប ថវិកាមួយចំនួនផងដែរ ៕